សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច គោលដៅសកលចំនួន២ ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០

ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរ។

តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់រយៈពេល៣២ឆ្នាំកន្លងទៅនេះបានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ឆ្ពោះទៅបញ្ចប់អេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម, ជម្លោះប្រដាប់អាវុធដែលកើតមានឡើងជាច្រើនកន្លែងនៅក្នុងពិភពលោក, ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត, វិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែងឈានទៅបំផ្លាញវឌ្ឍនភាពដែលខិតខំកសាងឡើងរាប់ទសវត្សរ៍។ ប្រទេសជាច្រើនត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរយ៉ាងធំធេង ក្នុងដំណើរការកម្មវិធីអេដស៍ និងការផ្តល់មូលនិធិ។

នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរគឺ៖ ទី១. អ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ទី២.ក្នុងចំណោមអ្នកដែលបានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គឺ៩៨% ទទួលបានប្រសិទ្ធភាពខ្ពស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍បន្តថា នៅចំពោះមុខកម្ពុជា យើងត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបានគោលដៅសកលទី១ ពោល គឺធ្វើយ៉ាងណាឱ្យអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នមាន៩២%នោះឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។

សម្ដេចបានថ្លែងថាជាមួយគ្នានេះដើម្បីចូលរួមសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវខាងលើនេះ កាកបាទក្រហម កម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងរូបសម្ដេចផ្ទាល់បានកំណត់ការងារជាអាទិភាពចំនួន៤គឺ៖ ១-ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជា ចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ២- បន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និង លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ៣- បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍ និង ៤- បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍៕