អំពើពុករលួយ បណ្តាឲ្យក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិន ធ្លាក់ចុះប្រាក់ចំណូល

ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ដោយសារអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យា និងលទ្ធកម្មអាវុធថយចុះ។ នេះបើយោងតាមការសិក្សាមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ។

ការស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បានរកឃើញថា ក្រុមហ៊ុនចិនធ្លាក់ចុះប្រាក់ចំណូល ផ្ទុយពីក្រុមហ៊ុនសព្វាវុធធំៗ និងសេវាកម្មយោធាតាមបណ្តាប្រទេសផ្សេងទៀតដែលនៅមានកំណើនដ៏រឹងមាំ។ ការធ្លាក់ចុះរបស់ចិនបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហ្គាហ្សា និងភាពតានតឹងជាសកល និងក្នុងតំបន់។

លោក Nan Tian នាយកកម្មវិធីចំណាយផ្នែកយោធា និងផលិតអាវុធរបស់វិទ្យាស្ថាន SIPRI បាននិយាយថា “ការចោទប្រកាន់ជាច្រើនអំពីអំពើពុករលួយនៅក្នុងការទិញអាវុធរបស់ចិនបាននាំឱ្យកិច្ចសន្យាអាវុធសំខាន់ៗត្រូវបានពន្យារពេល ឬលុបចោលនៅឆ្នាំ២០២៤” ។ លោកថា នេះធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពមិនច្បាស់លាស់ជុំវិញស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ប្រទេសចិន និងនៅពេលដែលសមត្ថភាពថ្មីនឹងលេចចេញជារូបរាង។ 

គួរឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន គឺជាគោលដៅចម្បងមួយនៃការបង្រ្កាបអំពើពុករលួយដ៏កក្រើកដែលបញ្ជាដោយប្រធានាធិបតីចិន លោក Xi Jinping កាលពីឆ្នាំ២០១២។ ឧត្តមសេនីយកំពូល ៨នាក់ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តដោយចោទប្រកាន់ពីបទពុករលួយ រួមទាំងឧត្តមសេនីយទី២របស់ប្រទេស លោក He Weidong ផងដែរ។ លោក He បានបម្រើការក្រោមការដឹកនាំរបស់លោក Xi ក្នុងគណៈកម្មាការយោធាកណ្តាល ដែលជាអង្គភាពបញ្ជាការយោធាកំពូលរបស់ប្រទេសចិន។

យោងតាមទិន្នន័យរបស់វិទ្យាស្ថាន SIPRI បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនយោធាកំពូលរបស់ចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ខណៈពេលដែលក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនបានកើនឡើង ៤០%, អាល្លឺម៉ង់ ៣៦% និងអាមេរិកកើនឡើង ៣.៨%។ របាយការណ៍ដដែលនិយាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាវុធធំជាងគេទាំង ១០០ របស់ពិភពលោកបានកើនឡើង ៥.៩% ដល់ចំនួន $៦៧៩ ពាន់លានដុល្លារ ខណៈដែលការធ្លាក់ចុះរបស់ប្រទេសចិនគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអាស៊ី-អូសេអានី ជាតំបន់តែមួយគត់ដើម្បីប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលក្នុងចំណោមក្រុមហ៊ុនអាវុធកំពូលរបស់ខ្លួន។ 

បើតាមរបាយការណ៍ ប្រាក់ចំណូលបានធ្លាក់ចុះនៅក្រុមហ៊ុន AVIC ដែលផលិតសព្វាវុធដ៏ធំបំផុតរបស់ចិន ក្រុមហ៊ុនផលិតប្រព័ន្ធដី Norinco និងក្រុមហ៊ុនផលិតយន្តហោះ និងមីស៊ីល CASC ដែលជាកម្មសិទ្ធិរបស់រដ្ឋទាំងអស់។ ក្នុងនោះ ក្រុមហ៊ុន Norinco បានជួបនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចំនួន ៣១% ស្មើប្រមាណ ១៤ ពាន់លានដុល្លារឯណោះ៕