រឿងព្រំដែន! មេដឹកនាំបក្សប្រជាជនថៃ ជំរុញឱ្យរដ្ឋាភិបាលអនុទីន ដកផែនការធ្វើប្រជាមតិលុប MoU ជាមួយកម្ពុជា

មេដឹកនាំបក្សប្រជាជន កំពុងជំរុញឱ្យរដ្ឋាភិបាលថៃដកចោលផែនការរបស់ខ្លួនក្នុងការធ្វើប្រជាមតិទៅលើ អនុស្សរណៈយោគយល់(MoU) ដែលកម្ពុជា-ថៃ បានចុះហត្ថលេខាក្នុងឆ្នាំ២០០០ និង២០០១។ 

លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ដែលជាមេដឹកនាំបក្សប្រឆាំងថៃដែលមានសំឡេងភាគច្រើនក្នុងសភាថៃ បាននិយាយថា បញ្ហាអន្តរជាតិដ៏ស្មុគស្មាញបែបនេះ គឺស្ថិតនៅក្រោមភារកិច្ចរបស់រដ្ឋាភិបាលទាំងស្រុង ពោលគឺមិនមែនជាភារកិច្ចរបស់សាធារណជនឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។

លោក Natthaphong បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរគុល ដែលចង់ឲ្យសាធារណជនសម្រេចចិត្ត ថាតើប្រទេសថៃគួរ រក្សាទុក ឬលុបចោល អនុស្សរណៈយោគយល់ទាំង២នេះ។ អនុស្សរណៈយោគយល់ទាំង២នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់ក្របខ័ណ្ឌសម្រាប់ការដោះស្រាយជម្លោះព្រំដែនគោក និងដែនសមុទ្រ ដោយសន្តិវិធី។

ផ្អែកតាមការស្ទង់មតិថ្មីៗនេះ លោក Natthaphong បានគូសបញ្ជាក់ថា ប្រជាជនប្រមាណ៧០% បានទទួលស្គាល់ថា ពួកគេមានការយល់ដឹងតិចតួច ឬមិនយល់ដឹងទាល់តែសោះ អំពីខ្លឹមសារនៃអនុស្សរណៈយោគយល់ទាំង២នេះ ហើយ ៤៤% ដោយនិយាយថា ពួកគេ មិនយល់ទាល់តែសោះអំពី MoU នេះ។ លោក Natthaphong បន្តថា ស្ថានភាពនេះ បានបង្កើនការសង្ស័យយ៉ាងខ្លាំងថា តើការធ្វើប្រជាមតិអាចឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន បានពិតប្រាកដដែរឬទេ។ លោកបន្ថែម ការធ្វើប្រជាមតិអាចតំណាងឱ្យសំឡេងរបស់ប្រជាជនបាន លុះត្រាតែអ្នកបោះឆ្នោត មានព័ត៌មានគ្រប់គ្រាន់។

លោក អនុទីន ដែលទើបឡើងកាន់តំណែងនាយករដ្ឋមន្រ្តី ជាថ្នូរនឹងលក្ខខណ្ឌព្រមព្រៀង ៥ ចំណុច ក្នុងនោះ រួមមានការរំលាយសភារយៈពេល ៤ ខែ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មី បានប្រកាសពីការផែនធ្វើប្រជាមតិទៅលើ អនុស្សរណៈយោគយល់(MoU) ដែលកម្ពុជា-ថៃ បានចុះហត្ថលេខាក្នុងឆ្នាំ២០០០ និង២០០១ ក្រោយប្រទេសទាំងពីរកំពុងមានជម្លោះព្រំដែនរហូតឈានទៅដល់ការផ្ទុះអាវុធអស់រយៈពេល ៥រាត្រី ទើបមានបទឈប់បាញ់ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី៕