ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឲ្យយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួមផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  បានលើកទឹកចិត្តឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) ទាំងអស់ ត្រូវចាប់យកឱកាសនេះដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។

ការលើកទឹកចិត្តនេះបានធ្វើឡើង នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងការលើកទឹកចិត្ត មុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេលខាងមុខ។

Looក្នុងជំនួបដែលបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំ និងប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ សរុបចំនួន ២៧រូប  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី  បានចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ក្នុងនាមភាពជាអ្នកតំណាងកម្ពុជា ដោយផ្អែកលើការតាំងចិត្ត សមត្ថភាពពិតប្រាកដ និងភាពច្បាស់លាស់ជាអ្នកតំណាងប្រទេស។ 

ឯកឧត្តម ក៏បានថ្លែងការអបអរសាទរដល់យុវជនទាំងអស់ ដែលបានជាប់ជាយុវជនតំណាងកម្ពុជាក្នុងដំណើរការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន នៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ៕