នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៏ក្រោយទាហានសៀមបើកការវាយប្រហារទ័ពអាកាសលើប្រទេសកម្ពុជាតាមពីថ្ងៃអាទិត្យម្សិលមិញ និងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្នុងតំបន់អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា និងចំការចេក ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
លើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ បើតាមលោក អាន់វ៉ា ការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។
ប្រទេសថៃ និងកម្ពុជា គឺជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន។ ក្នុងន័យនេះ លោកសូមជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមាន។ ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងជៀសវាងឧប្បត្តិហេតុបន្ថែមទៀត។
លោក អាន់វ៉ារ អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា តំបន់របស់យើងមិនអាចមានលទ្ធភាពមើលឃើញជម្លោះយូរអង្វែងធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នានោះទេ។ អាទិភាពបន្ទាន់គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែក៕


