ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ឆ្លេីយតបតាមតម្រូវការចាំបាច់ និងដេីម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។

អំណោយមនុស្សធម៌ខាងលេីនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងនោះមុខព្រួញខេត្តមណ្ឌលគិរី គណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩៥០គ្រួសារ ដែលធ្វេីឡេីងនៅទីតាំងចំនួន ៣កន្លែង គឺ ៖
ទីតាំងទី១ នៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ។
ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលេី ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលេី និងឃុំសុខសាន្ត។
និងទីតាំងទី៣ នៅអនុវិទ្យាល័យមេម៉ង់ សម្រាប់ប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា។

ដោយឡែកមុខព្រួញខេត្តរតនគិរី គណៈប្រតិភូដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលធ្វេីឡេីងនៅទីតាំងចំនួន ២កន្លែងគឺ៖
ទីតាំងទី១ នៅលើទីទួលសុវត្ថិភាពក្នុងភូមិលំផាត់ ឃុំជ័យឧត្តម សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន៣ គឺឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា នៃស្រុកលំផាត់។
ទីតាំងទី២ នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែពកតូច ស្ថិតក្នុងភូមិស្រែពកតូច ឃុំសិរីមង្គល សម្រាប់ប្រជាជនរងគ្រោះចំនួន ៤០០គ្រួសារ មកពីឃុំចំនួន៥ គឺ ឃុំសរមង្គល ឃុំស្រែអង្ក្រង ឃុំតាអង ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម នៃស្រុកកូនមុំ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដេីមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ជាមួយគ្នានេះ តាមរយៈមន្ត្រីពីទីស្នាក់ការកណ្តាល, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញេីជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលសូមឱ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដេីម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។ ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក។ ទន្ទឹមនឹងនេះ ពេលបងប្អូនត្រឡប់ទៅលំនៅដ្ឋានវិញ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នពីសត្វអាសិរពិស និងបន្តខិតខំប្រកបរបរដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ៕