សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត៖ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ចៀសវាងពង្រីកបញ្ហាជម្លោះ បែកបាក់សាមគ្គីជាតិ ប៉ះពាល់ទឹកចិត្តកងទ័ព ឬរំខានដល់បេសកកម្មរបស់កងទ័ពជួរមុខ

«រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេស ព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មានត្រូវធានាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ»។ នេះជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ៦ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្ដីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះអនុសាស៍សំខាន់ៗមួយចំនួនទៀត សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត បានណែនាំដល់និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់លើកកម្ពស់មនសិការស្នេហាជាតិ និងត្រូវបន្តចូលរួមឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យនិងបូរណភាពទឹកដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ត្រូវពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជា្ជជីវៈរបស់ អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងត្រូវពង្រឹងគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ ការរៀបចំ និង/ឬ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលឱ្យបានជាប្រចាំ។ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះយកព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អនុវត្តតាមការណែនាំ របស់សមត្ថកិច្ចពាក់ព័ន្ធ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មាន បំភ្លៃ ដែលបង្កឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹងជាឧបសគ្គដល់កិច្ចសន្ទនាស្វែងរក សន្តិភាព។

សម្តេចនាយករដ្ឋមន្ត្រី ក៏ផ្តល់អនុសាសន៍ដល់និពន្ធនាយកសារព័ត៌មានសូមបន្តណែនាំនិងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយនិងចែករំលែក ព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិនិង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹង ផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលក៏ណែនាំឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួន ដែលផ្សព្វផ្សាយពី សំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភព ច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិតំ និងមាន ប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្តេចសូមឱ្យជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់ នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជននិងការពារបូរណភាព ទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕