កម្ពុជា និងបណ្តាប្រទេសលើពិភពលោក បាននិងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងធំៗចំនួនជាង៣០ ស្ថិតក្នុងនីតិវិធីតុលាការ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងរបាយការណ៍បានឲ្យដឹងថា តុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោងនិងបក្ខពួកសមគំនិតចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន (ចិនតៃវ៉ាន់),វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងខ្មែរ។
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានចុះពិនិត្យនិងបង្ក្រាបអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង១៨ រាជធានីខេត្ត។
ជាលទ្ធផល សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៩៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ ក្នុងនោះមានជនជាតិចិន (ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ,កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី, ស្រីលង្កា,អាល់ហ្សេរ៉ី, សឹង្ហបូរី។
ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការជាក់ស្តែងនេះដែរ ជនបរទេសចំនួន ៤០៣៩នាក់ ក្នុងនោះស្ត្រី៦០៥នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ៕






