ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែករៀបចំស្បៀងអាហារ និងសម្ភារៈមួយចំនួន ព្រមទាំងទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ព កំពុងប្រយុទ្ធជាមួយខ្មាំងសត្រូវ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។
ជាក់ស្តែងតាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២០ ខែធ្នូនេះ បានបង្ហោះផ្សព្វផ្សាយពីសកម្មភាពជាច្រើន ជាមួយខ្លឹមសារយ៉ាងដូច្នេះថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។
ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងឈរជើងការពារទឹកដី និងជនភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ។
នៅពេលជួបការលំបាកនេះ ស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕









