អ្នកស្រី ម៉ីសន សុធារី៖ ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត

ស្រាយចម្ងល់របស់ប្រជាពលរដ្ឋមួុយចំនួមដែលបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានជួយមិនបាន? ចុះបើអាស៊ានដោះស្រាយមិនចេញ តើយើងទៅជាយ៉ាងណា?

ឆ្លើយនឹងសំនួរខាងលើនេះអតីតអ្នកសារព័ត៌មានជើងចាស់ អ្នកស្រី ម៉ីសន សុធារី បានពន្យល់លើបណ្តាញសង្គមរបស់អ្នកស្រីនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះថា ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត។ សូមពន្យល់ត្រង់នេះបន្តិចថា យន្តការអាស៊ាន គឺសម្របសម្រួល Mediation  ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យ យើងនឹងឈានចូលដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

អ្នកស្រីលើកឡើងថា នៅ UNSC  គេអត់ប្រើមនោសញ្ចេតនា ឬការយោគយល់អីទេ! គេប្រើ «ច្បាប់»។ គេមិនស្តាប់ពាក្យបំភ្លៃទេ គេមើលតែ «ឯកសារ»៖

១. យើងមាន «ប្លង់រឹង»៖ 

គឺផែនទី ១៩០៤-១៩០៧ ដែលបន្សល់ទុកពីបារាំង និងមានការទទួលស្គាល់ដោយអន្តរជាតិ។ នេះជាប្លង់កម្មសិទ្ធិដែលមិនអាចប្រកែកបាន។ 

២. យើងមានសាលដីកា៖ សាលដីកា ICJ ឆ្នាំ ១៩៦២ គឺជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំបំផុតសម្រាប់ការពារបូរណភាពទឹកដីយើង។ ឯកសារទាំង២នេះ ជាអ្នកកំណត់ថា អ្នកណាជា “ចោរ” អ្នកណាជា “ម្ចាស់ផ្ទះ”!»។ បើគ្មានផែនទី និងសាលដីកាទេ ការបាញ់គ្នាអាចចាត់ទុកត្រឹមជា «ជម្លោះព្រំដែន» (Border Dispute) ដែលពិភពលោកអាចធ្វើមិនដឹងមិនឮ។

៣. មហាអំណាចសហរដ្ឋអាមេរិក និងបារាំង (ដែលជាម្ចាស់ឯកសារដើម) គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UNSC ហើយពួកគេនៅទីនោះនិយាយអំពីច្បាប់។ យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ៥១) ប្រទេសមួយមានសិទ្ធិ ប្រើកម្លាំងយោធាដើម្បីការពារខ្លួនបាន លុះត្រាតែខ្លួនជាជនរងគ្រោះ ។ ឯកសារទាំងនេះហើយ ជាភស្តុតាងប្រាប់ពិភពលោកថា «យើងកំពុងការពារដីខ្លួនឯង មិនមែនយើងទៅវាយដីគេទេ»។ នេះធ្វើឱ្យយើងទទួលបានការគាំទ្រ។

អ្នកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនមែនជាអ្នកច្បាប់ ហើយក៏មិនមែនជាអ្នកការទូតដែរ។ តែក្នុងនាមជាពលរដ្ឋម្នាក់ គោលដៅរបស់ខ្ញុំគឺចង់ ជួយសម្រាលសម្ពាធ បន្តដំណើរការសេដ្ឋកិច្ចនិងសង្គមព្រោះនេះជាជម្រើសចាំបាច់បំផុត។ អ្វីដែលយើងកំពុងជួបប្រទះ «មិនមែនជារឿងលេងបៀរ អាប៉ោង ឬជាកូនអុកលើក្តារ» ដែលចាញ់ឈ្នះដោយការភ្នាល់ទេ ខ្ញុំអត់ចេះលេងល្បែងទាំងនោះផង ប៉ុន្តែពិចារណាគឺសំខាន់ខ្លាំងត្រង់ថា នៅពេលដែលជាតិរងវិបត្តិឧក្រិដ្ឋកម្មសង្គ្រាមដូចគេកំពុងធ្វើដាក់យើងនេះ តើយើងមានច្បាប់អ្វីនៅក្នុងដៃ? ដើម្បីកុំឱ្យអ្នករងគ្រោះ ក្លាយជាអ្នកនាំរឿង! ដូច្នេះ ចំពោះការវាយសម្រុក បំភ្លៃព័ត៌មាន និងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ វាហួសពីអ្វីដែលយើងអាចដោះស្រាយត្រឹមតែការនិយាយគ្នាហើយ។ 

បើតាមអ្នកស្រី ម៉ីសន សុធារី ដល់ពេលនោះ… ច្បាប់នឹងធ្វើការរបស់ច្បាប់! អត់ធ្មត់ឡើង! មានគ្នាយើងជាច្រើនចង់ឱ្យដាក់មួយសំណុំឬពីរសំណុំ ឱ្យសមចិត្ត ខឹង អ្នកស្រីដូចគ្នា!….តែពេលយើងប្រើគតិ….ការដាក់វិញនោះកំពុងទាញយើងឱ្យចូលល្បួងមួយឈ្មោះថា «វាយទៅមក ….ខុសទាំងពីរ! »៕