កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក។ នេះបើតាមសេចក្ដីណែនាំស្ដីពីការអនុវត្តការងារជ្រើសរើសពលទាហាន របស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក ផ្សព្វផ្សាយនាពេលថ្មីៗនេះ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍ ហើយក៏សម្រាប់ការជ្រើសរើសពល ទាហានបំពេញក្របខ័ណ្ឌផងដែរ មិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ព ជើងគោកប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាសផងដែរ តាមផែនការឆ្នាំ២០២៥-២០២៦។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការជ្រើសរើសពលទាហានបំពេញក្របខណ្ឌកងទ័ពជើងគោក គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានណែនាំដល់អនុគណៈកម្មា ត្រូវធ្វើការសម្របសម្រួលប្រមូលទិន្នន័យចំពោះសាច់ញាតិបង្កើតយោធិនកំពុងការងារ និងអតីតយុទ្ធជន ឬយោធិនពលី ពិការ ក្នុងភូមិសាស្ត្រយោធភូមិភាគនីមួយៗ ដែលមានបំណងច់ដាក់ពាក្យស្នើសុំបម្រើការងារក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
ចំពោះលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ យុវជនដែលមានបំណងចូលបម្រើការងារកងទ័ព ត្រូវមានសញ្ជាតិខ្មែរ មានអាយុ១៨-២៥ឆ្នាំ និងមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បឋមភូមិឡើងទៅ។ លើសពីនេះ យុវជន ត្រូវមានកម្ពស់ចាប់ពី១,៦០ម៉ែត្រ និងមានកាយសម្បទាគ្រប់គ្រាន់ សុខភាពល្អ។ យុវជន ត្រូវមានភក្ដីចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
សេចក្ដីណែនាំរបស់គណៈកម្មការ បានបញ្ជាក់ថា យុវជនដែលមានសាច់ញាតិជាយោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ត្រូវបានផ្ដល់អាទិភាព។ បេក្ខជនត្រូវមកទទួលពាក្យនៅទីបញ្ជាការយោធភូមិភាគ និងតំបន់ប្រតិបត្តិការសឹករង រហូតដល់ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥៕


