លោក ហុក ណាវី ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជា ហើយតែងតែបានចេញផ្សាយអត្ថបទពីយុទ្ធសាស្រ្តសង្រ្គាមដែលកម្ពុជា-ថៃកំពុងដើរ បានលើកឡើងថា បើសង្គ្រាមធំ អាចប្រើពេលវេលារយៈពេល ១ ឆ្នាំ ទម្រាំបញ្ចប់ បើដូចសង្គ្រាមបច្ចុប្បន្ន អាចពេលវេលាយ៉ាងយូរ១ខែទៀត។ លោកថា បច្ចុប្បន្នយើងទប់ទល់កម្ទេចការពារ គឺទប់ទល់កុំឱ្យបង្កើតជាសង្គ្រាមធំ គឺកម្ទេចសៀមលើទឹកដីខ្មែរ។
សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជាគឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកំពុងតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ខណៈក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក ហុក ណាវី បានគូសបញ្ជាក់ថា មែនទែនទៅនៅសង្គ្រាមធំ ប្រាកដណាស់ការខូចខាតដ៏ធំ រាប់សិនដង តាមការព្យាករណ៍សង្គ្រាមរវាងប្រទេសនិងប្រទេស។ សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន បិទទាំងអស់ ប្រជាពលរដ្ឋអាចលើស1 សែននាក់ ត្រូវស្លាប់លះបង់ជីវិតក្នុងសង្គ្រាម។ សង្គ្រាមកាន់តែយូរគឺអ្នកស្លាប់របួសខូចខាតកាន់តែធ្ងន់ធ្ងរ សង្គ្រាមធំមួយថ្ងៃស្មើនឹងបិទសេដ្ឋកិច្ចមួយខែ។
សង្គ្រាមរ៉ាំរ៉ៃសៀមឬថៃ វាចង់បានបំផុត មើលតាមទង្វើរបស់វាទោះលះបង់កម្រិតណា ឱ្យតែឈ្នះខ្មែរ។ ដូច្នេះខ្មែរបច្ចុប្បន្ន គឺមានជម្រើស៣ ដើម្បីជ្រើសរើស ទី១. ធ្វើសង្គ្រាមធំ ទី២. សុំថៃចុះចាញ់ឱ្យផុតពីការទទួលខុសត្រូវ ទី៣. ស្មារតីទប់ទល់កម្ទេចសៀមក្នុងផ្ទះ រហូតឈ្នះទាំងស្រុង និងបន្តនៅនីតិវិធីតុលាការអន្តរជាតិ ដើម្បីប្ដឹងរកការទទួលខុសត្រូវ។
លោក ណាវី និយាយថា៖ ខ្ញុំយល់ថាគឺយើងកុំធ្វើសង្គ្រាមធំ យើងក៏មិនសុំចុះចាញ់សៀមដើម្បីឱ្យសៀម រួចផុតពីការទទួលខុសត្រូវដែរ។ ប៉ុន្តែពួកយើងជ្រើសរើសវីធីបច្ចុប្បន្ន គ្រាន់តែកំសត់ អត់ធ្មត់វេទនា គឺអាចឱ្យកម្ពុជា ថែរក្សាស្ថេរភាពជាតិបាន។ កុំខំព្យាយាមយកពងមាន់ទៅជល់និងថ្ម សុខចិត្តប្រើទឹក បំបែបថ្មល្អជាង។ បើសួរខ្ញុំបន្ត ទ្រាំអត់ធ្មត់បែបហ្នឹងតើដល់ពេល? បើតាមការប៉ាន់ស្មានរបស់ ខ្ញុំអាចរយៈពេល១ខែទៀត ដើម្បីដើរ៣ ជំហាន ទី១. បទឈប់បាញ់ ទី២. អនុវត្តបោះបង្គោលខ្សែបន្ទប់ព្រំដែន ទី៣. អនុវត្តន៍បណ្ដឹងអន្តរជាតិ ICJ &ICC។ បច្ចុប្បន្នទប់ទល់កម្ទេចការពារ គឺទប់ទល់កុំឱ្យបង្កើតជាសង្គ្រាមធំ គឺកម្ទេចសៀមលើទឹកដីខ្មែរ និងការពារប្រជាពលរដ្ឋឲ្យពួកគាត់ទៅរកកន្លែងសុវត្ថិភាព រួចបន្តសម្ពាធអន្តរជាតិរហូតមានបទឈប់បាញ់ បណ្ដោះអាសន្នសិន។ គ្មានវិធីអ្វីផ្សេងក្រៅពីហ្នឹងទេ។ បើសៀម វាមានជម្រើសផ្សេង ក្រៅពីបង្ខំខ្មែរដើម្បីធ្វើសង្គ្រាមពេញលេញទេ ប្រាកដជាវា មិនធ្វើបែបហ្នឹងទេ ព្រោះទង្វើវានេះ គឺជាទង្វើមួយដែលខុសធ្ងន់បំផុត ដើម្បីងើបផុតពីការទទួលខុសត្រូវ គឺត្រូវតែបង្ខំខ្មែរ។
បើតាមលោក ហុក ណាវី អ្វីក៏ខ្មែរយើងមានដែរគឺគ្រាន់តែយើងមានវិធីក្នុងការជ្រើសរើសរបស់យើង សង្គ្រាមគឺជាឈាម នយោបាយជាមធ្យោបាយនិងសេដ្ឋកិច្ចគឺជាជីវិត។ យើងអត់ធ្មត់តស៊ូខិតខំប្រើប្រាស់ទប់ទល់ កម្ទេចនិងការពារ គឺជារឿងល្អនិងចាំបាច់សម្រាប់យើង។ ភ្លើងនៃសង្គ្រាម ពិតជាក្ដៅខ្លាំងណាស់ សូមកុំប្រើប្រាស់នៃសង្គ្រាមដើម្បីបញ្ចប់សង្គ្រាម ព្រោះលះបង់ច្រើនណាស់៕


