អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។
ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងការកំណត់អាទិភាពដើម្បីផ្តល់ជំនួយ ពង្រឹងការសម្របសម្រួល និងធានាដល់ការផ្តល់ជំនួយទាន់ពេលវេលា និងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌។
ការសិក្សាប៉ាន់ប្រមាណនេះជាផ្នែកមួយនៃការឆ្លើយតបរួមរបស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជននៅកម្ពុជា។ ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង១០០ ០០០នាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិការឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជំរកស្នាក់នៅ។
បន្ថែមលើនេះអង្គការសហប្រជាជាតិបានធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ពលករដែលត្រលប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារនិងសេវាសង្គមចាំបាច់ ដូចជាសេវាគាំពារសង្គម។ អង្គការសហប្រជាជាតិក៏កំពុងជួយធ្វើការវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចទៅលើពលរដ្ឋភៀសសឹក និងពលករត្រលប់ពីប្រទេសថៃដើម្បីគាំទ្រដល់ការរៀបចំផែនការស្តារឡើងវិញសម្រាប់រយៈខ្លី និងមធ្យម៕




