ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនរៀបចំ និងនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។
នៅថ្ងៃទី២៧ ខែធ្នូនេះ ដែលជាថ្ងៃកម្ពុជា-ថៃ ចុះហត្ថលេខាលើបទឈប់បាញ់ ក្រុមយុវជនបូជាការពារយុត្តិធម៌ នៅតែបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។
ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។
គួររម្លឹកថា បន្ទាប់ពីយោធាថៃឈ្លានពានជាថ្មីមកលើប្រទេសកម្ពុជា កាលពីថ្ងៃទី៧ធ្នូ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខដើម្បីប្រមូលទិញអំបុក, ប្រមូលត្រីធ្វើងៀត, ងៀតគោ បាយដំណើមត្រីអាំង, ផលិតទឹក និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ៕







