គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានប្តឹងទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សទាំងអស់ឲ្យពួកគេបានដឹងច្បាស់ កាន់តែជ្រួតជ្រាបពីអត្តចរិតព្រៃរបស់រដ្ឋាភិបាលថៃ និងយោធាថៃនូវចរិតពាល ចរិតឈ្លានពាន រំលោភសិទ្ធិមនុស្ស រំលោភកិច្ចព្រមព្រៀង និងមិនស្គាល់ច្បាប់ទម្លាប់។
លិខិតរបស់ CHRC នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា កងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង ប្រាសាទ មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។
CHRC បានបញ្ជាក់ថា អំពើឈ្លានពាននេះជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំង បំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជានិង ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហ រដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ដោយមើលឃើញពីការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ក៏ដូចជា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ CHRC បានរៀបចំ និងបានដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិ មនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆាផងដែរ។
នៅក្នុងញត្តិបន្ទាន់នោះ CHRC បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចជា៖ ចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ, ធ្វើការស៊ើបអង្កេតឬ វាយតម្លៃ ដោយឯករាជ្យ មិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែល រួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក, ទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃឱ្យបញ្ឈប់អំពើឈ្លានពាន, ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ក្នុងការតាមដាន ប្រមូលឯកសារ និងរាយការណ៍ លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុលនិងកម្លាំងយោធាមកលើប្រជាជន, ឱ្យប្រទេសថៃសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើប អង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ, គាំទ្រជំនួយមនុស្សធម៌ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពីការវាយប្រហារ, លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា, និងឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ។
CHRC ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់ វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕



