ក្រសួងការពារជាតិ បានប្រកាសហាមដាច់ខាតចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅទូទាំងប្រទេស ជាពិសេស បណ្តាខេត្តជាប់ព្រំដែនមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។
ការហាមនេះ ធ្វើឡើងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ក្រសួងការពារជាតិ ក៏ព្រមានដែរចំពោះជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួង ការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។
អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន(Anti-Drone System) ។

