ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដកសហរដ្ឋអាមេរិកចេញពីស្ថាប័នក្រៅប្រព័ន្ធអង្គការសហប្រជាជាតិចំនួន ៣៥ និងស្ថាប័នចំណុះអង្គការសហប្រជាជាតិចំនួន ៣១ បន្ថែមទៀត ក្រោមហេតុផលថា ស្ថាប័នទាំងនោះ ធ្វើប្រតិបត្តិការផ្ទុយនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។
យោងតាមសេតវិមានអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ ទី៧ ខែមករាថា អង្គការ ឬស្ថាប័នទាំងនោះរួមមាន វេទិកាប្រឆាំងភេរវកម្មសកល (Global Counterterrorism Forum), វេទិកាថាមពលអន្តរជាតិ (International Energy Forum), មូលនិធិកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN Peacebuilding Fund) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN International Trade Centre)។
សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងថា អង្គការទាំងនេះបានជំរុញគោលនយោបាយអាកាសធាតុជ្រុលនិយម អភិបាលកិច្ចសកល និងកម្មវិធីមនោគមវិជ្ជា ដែលប៉ះពាល់ដល់អធិបតេយ្យភាព និងភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
បើតាមសេតវិមាន ចំណាត់ការនេះ គឺជាលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនូវរាល់អង្គការអន្តររដ្ឋាភិបាល អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិទាំងអស់ ដែលសហរដ្ឋអាមេរិកជាសមាជិក ឬជាភាគីហត្ថលេខី។ សេតវិមានបានបន្តថា ការដកខ្លួនទាំងនេះ នឹងបញ្ឈប់ការប្រើប្រាស់ថវិកាដែលបានមកពីការប្រមូលពន្ធ និងការចូលរួមក្នុងស្ថាប័នទាំងឡាយណា ដែលលើកកម្ពស់របៀបវារៈសកលនិយម ជាជាងអាទិភាពរបស់សហរដ្ឋអាមេរិក ឬស្ថាប័នដែលដោះស្រាយបញ្ហាសំខាន់ៗ ដោយខ្វះប្រសិទ្ធភាព៕


