សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៤.៨៧ភាគរយ នៅក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុន ដែលជាអត្រាកំណើនទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រ៉យទ័របានបង្ហាញនៅថ្ងៃចន្ទនេះ។

កំណើនខែមករាដល់ខែមីនាគឺយឺតបំផុតចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២១ ហើយធ្លាក់ចុះពី ៥.០២ភាគរយ នៅក្នុងត្រីមាសមុន។
ផ្អែកលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០.៩៨ភាគរយ នេះបើតាមស្ថិតិទិន្នន័យរបស់ឥណ្ឌូនេស៊ីបានបង្ហាញ។
យោងតាមលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបានតូ (Prabowo Subianto) ដែលបានចូលកាន់តំណែងកាលពីឆ្នាំមុនបានសន្យាថានឹងដំឡើងវាដល់ ៨ភាគរយ ក្នុងអំឡុងពេលអាណត្តិ ៥ ឆ្នាំរបស់លោក ប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ចំពេលមានសង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងស្ថានភាពថវិកាកាន់តែតឹងរ៉ឹង។
ដោយឡែក វិស័យរុករករ៉ែបានធ្លាក់ចុះប្រហែល ១ភាគរយ ជារៀងរាល់ឆ្នាំដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃតម្លៃធ្យូងថ្ម និងតម្រូវការធ្លាក់ចុះពីអ្នកទិញអន្តរជាតិ ខណៈដែលការថែទាំបានកាត់បន្ថយទិន្នផលនៅឯអណ្តូងរ៉ែទង់ដែង និងមាស Grasberg ដែលដំណើរការដោយក្រុមហ៊ុន Freeport McMoRan៕
ដោយ៖ ចិន្តា ទីទិ
