មកដឹងការពិត! បដិមាសាងថ្មីនេះ ពុំមែនជាបដិមាព្រះវិស្ណុ ឬបដិមាប្លែកអ្វីនោះទេ គឺជា «ព្រះពោធិសត្វអវលោកេស្វារៈ» ដែលយកតាមរចនាបទសម័យមហានគរ

ថ្មីៗនេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានបង្ហោះពីការកសាងបដិមាមួយ ហើយក៏មានអ្នកមួយចំនួន ដែលមិនបានស្គាល់ បានតិះដៀលនិងដេញដោល (អ្នកខ្លះក៏យកទៅបង្ហោះតិះដៀល) ថា ហេតុអ្វីបានជាឆ្លាក់រូបព្រះវិស្ណុមានរូបព្រះនៅនឹងម្រាមជើង? ម៉េចបានឆ្លាក់រូបអីចឹង? រូបស្អីគេ?។ល។

ដ្បិតមិនឃើញខាងរដ្ឋបាលខេត្តបកស្រាយ តែឥឡូវនេះ មានមន្ត្រីជានខ្ពស់ក្រសួងធម្មការ និងសាសនា រួមទាំងអ្នកធ្លាប់សិក្សាឯកទេសបដិមាវិទ្យា និងសិល្បៈពុទ្ធសាសនាមួយចំនួន ចេញមកបកស្រាយជាបន្តបន្ទាប់ កុំឱ្យមានការយល់ច្រឡំតទៅទៀត។

ឯកឧត្តមបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅថ្ងៃទី១២ ខែមករានេះថា៖ «ខ្ញុំព្រះករុណាខ្ញុំបាទឃេីញមានការសួរដេញដោលក្នុងបណ្តាញសង្គមជាច្រេីន​ ទាក់ទងអំពីព្រះពុទ្ធរូបតូចៗនៅលើព្រះបាទនៃរូបបដិមាព្រះពោធិសត្វអវលោកេស្វារៈ គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងសិល្បៈខ្មែរនាសម័យអង្គរ ជាពិសេសក្នុង រចនាប័ទ្មបាយ័ន (ចុងសតវត្សទី១២ និងដើមសតវត្សទី១៣)»។

ឯកឧត្តមបណ្ឌិតបានបកស្រាយតាមលទ្ធិពុទ្ធសាសនាមហាយាន​ ព្រោះស្រុកខ្មែរយេីងសម័យមុន​ គឺបដិបត្តិព្រះពុទ្ធសាសនាមហាយាន​ បដិមាដែលមានលក្ខណៈបែបនេះ ត្រូវបានគេស្គាល់ជាទូទៅថា «ព្រះអវលោកេស្វារៈបញ្ចរស្មី» ឬ «ព្រះអវលោកេស្វារៈដែលសាយភាយរស្មី»។

ខាងក្រោមនេះគឺជាការពន្យល់អំពីប្រវត្តិ និងអត្ថន័យនៃរូបបដិមានេះ៖
១/​ អត្ថន័យនៃព្រះពុទ្ធរូបតូចៗលើព្រះកាយ
នៅក្នុងជំនឿព្រះពុទ្ធសាសនាមហាយាន ព្រះពោធិសត្វអវលោកេស្វារៈ គឺជាតួអង្គនៃ «មេត្តាករុណា» ដែលសង្រ្គោះសត្វលោក។ ការដែលមានព្រះពុទ្ធរូបតូចៗឆ្លាក់ពាសពេញព្រះកាយ រហូតដល់ព្រះបាទ និងព្រះហស្ត មានអត្ថន័យដូចជា៖
​ -ការសាយភាយមេត្តាធម៌​ គឺបង្ហាញថាព្រះអង្គមានព្រះហឫទ័យមេត្តាដែលគ្របដណ្តប់ទៅលើគ្រប់ទិសទី និងគ្រប់ជាន់ថ្នាក់នៃសកលលោក។
-អំណាចសង្រ្គោះ​ រាល់ចំណុចនៃព្រះកាយរបស់ព្រះអង្គ សុទ្ធតែមានសក្តានុពលក្នុងការជួយសង្រ្គោះសត្វលោកមិនថាអ្នកនោះនៅទីណាក៏ដោយ។
-លក្ខណៈនៃចក្រវាឡ​ ព្រះអង្គគឺជាតំណាងនៃចក្រវាឡទាំងមូល ដែលមានព្រះពុទ្ធរាប់មិនអស់គង់នៅគ្រប់កន្លែង (សូម្បីតែនៅនឹងជើង) ដើម្បីតាមថែរក្សាមនុស្សលោក។
២/​ ទំនាក់ទំនងនឹងព្រះបាទជ័យវរ្ម័នទី៧
រូបបដិមានេះត្រូវបានសាងសង់ឡើងយ៉ាងច្រើនក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គបានគោរពស្រឡាញ់ព្រះពោធិសត្វអវលោកេស្វារៈយ៉ាងខ្លាំង ហើយជឿថាការសាយភាយរស្មីនៃព្រះពោធិសត្វ គឺជាការបង្ហាញពីអំណាចការពារព្រះរាជាណាចក្រ និងប្រជារាស្ត្ររបស់ព្រះអង្គឱ្យជួបតែសេចក្តីសុខ។
៣/​ លក្ខណៈសម្គាល់ផ្នែកសិល្បៈ
-ព្រះពុទ្ធរូបតូចៗ​ ភាគច្រើនជាព្រះពុទ្ធ អមិតាភៈដែលជាព្រះគ្រូរបស់ព្រះអវលោកេស្វារៈ។
-ទីតាំងដែលរកឃើញ បដិមាប្រភេទនេះត្រូវបានរកឃើញច្រើននៅប្រាសាទ បន្ទាយឆ្មារ និងប្រាសាទ ព្រះខ័ន។ រូបបដិមាដ៏ល្បីល្បាញបំផុតមួយ គឺបច្ចុប្បន្ន
ត្រូវបានតម្កល់ទុកនៅ សារមន្ទីរជាតិ ភ្នំពេញ។
ការដែលមានរូបព្រះពុទ្ធនៅលើព្រះបាទ​ មិនមែនជាការប្រមាថនោះទេ ប៉ុន្តែក្នុងសិល្បៈមហាយាន វាជានិមិត្តរូបនៃ «ភាពពេញបរិបូរណ៍» និងការបំបែកភាគនៃព្រះពុទ្ធទៅគ្រប់ទីកន្លែងដើម្បីរំដោះទុក្ខ
សត្វលោក។

រីឯឯកឧត្តម បណ្ឌិត ឃី សុវណ្ណ​រតនា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់ជុំវិញរឿងនេះដែរថា៖ «ដោយធ្លាប់សិក្សាឯកទេស:’បដិមាវិទ្យា និងសិល្បៈពុទ្ធសាសនា ខ្ញុំព្រះករុណា ខ្ញុំបាទអាចបញ្ជាក់ថា បដិមាសាងថ្មីនេះ គឺជាបដិមាអវលោកេស្វរៈ ដែលយកតាមរចនាបទសម័យមហានគរ និងស្របតាមបដិមាវិទ្យាពុទ្ធសាសនាវជ្រយាន (Mahāyāna Buddhist Iconography)។ មដិមានេះមិនមែនជារូបសំណាកខាងព្រហ្មញ្ញសាសនាទេ»។

ជាមួយគ្នានេះ គណនីហ្វេសប៊ុកឈ្មោះ ព្រះវិមលធម្មធារ៍ វជិរមេធី ក៏បានឱ្យដឹងដែរថា បដិមានេះ ពុំមែនជាបដិមាព្រះវិស្ណុឬបដិមាប្លែកអ្វីនោះទេ។ បដិមានេះមានឈ្មោះថា ព្រះអវលោកិតេស្វរៈ ឬព្រះពោធិសត្វលោកេស្វរៈ(លោកេសូរ) បដិមាដែលឆ្លាក់នេះ មានព្រះភក្ត្រមួយ ព្រះហស្ត(ដៃ)ប្រាំបី ជាពិសេសនោះ រូបនីមួយៗច្រើនតែបង្ហាញជារូបព្រះពុទ្ធសមាធិតូចៗនៅពាសពេញព្រះកាយ និងគ្រប់ម្រាមព្រះបាទទាំងដប់ ហើយបន្ថែមពីរូបព្រះពុទ្ធសមាធិតូចៗគេឃើញមានរូបនៅលើទ្រូង១ព្រះអង្គ នៅលើចង្កេះផ្នែកខាងមុខ៥ព្រះអង្គនិងខាងក្រោយ៣ព្រះអង្គ ជាព្រះពុទ្ធកាន់កេតនភណ្ឌជាប់នឹងព្រះហស្ត ដោយទម្រង់នេះ ស្ថិតនៅក្នុងទម្រង់បែបតន្ត្រនៃលទ្ធិពុទ្ធសាសនា ហៅថា «អមោឃបាស»។ នៅក្នុងសិល្បៈខ្មែរ ព្រះពោធិសត្វលោកេស្វរៈក្នុងទម្រង់ជាអមោឃបាសមានព្រះហស្ត៨ ចាប់ផ្តើមលេចឡើងនៅស.វ.ទី១០ ហើយលេចធ្លោខ្លាំងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣៕