ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។
កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំដល់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បាននថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងធនធានមនុស្សដើម្បីអនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបានជួយអនុគ្រោះពិចារណាលើការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជា៕



