រដ្ឋបាលខេត្តពោធិ៍សាត់ ច្រោលចោលចំពោះការផ្សាយព័ត៌មានមិនពិតថា ទាហានថៃចូលកាន់កាប់នៅស្ពានមេទឹកដែលយោធាថៃឈ្លានពានទម្លាក់គ្រាប់កម្ចេចកាលពីសង្រ្គាមលើកទី២ នៅខែធ្នូ ឆ្នាំ២០២៦។ យោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩មករាបានស្នើសូមកុំជឿលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមជនមួយចំនួនដែលនៅក្រៅប្រទេសព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់។

ការចេញសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានសរសេរថា «ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…»។
រដ្ឋបាលខេត្តពោធិ៍សាត់ អះអាងថា ស្ពានស្ទឹងមេទឹកដែលពីមុនទាហានថៃបានរំលោភបំពាន តាមរយៈការកំទេចស្ពានដោយយន្តហោះ F-16 កន្លងទៅនោះ បច្ចុប្បន្នពុំមានទាហានថៃចូលកាន់កាប់ដូចការចុះផ្សាយរបស់គណនីហ្វេសបុក ឈ្មោះ Sarath Sun ឡើយ។ ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញ។
បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិ្យផ្ទៀងផ្ទាត់នៅទីតាំងចំនួន៤ ក្នុងនោះទីតាំងចំនួន២រួមមាន ចំណុចអូរភ្លុកដំរី និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) មានផលប៉ះពាល់ដោយ ទាហានថៃរំលោភឈ្លានពាន ចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ ចំពោះទីតាំងចំនួន ២ទៀតរួមមាន ស្ពានស្ទឹងមេទឹក និងចំណុច (ច១) ត្រូវបានទាហានថៃរំលោភបំពាន ដោយការបំផ្លិចបំផ្លាញ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់កម្ពុជានោះឡើយ។
អាជ្ញាធរបញ្ជាក់ថា ក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមគាត់វិញ ប្រមាណ៩០%ហើយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹក កំពុងរស់នៅជាធម្មតា ហើយថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផង៕


