ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ដោយបានគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលកើតឡើង ដោយសារការវាយប្រហារដោយប្រដាប់អាវុធរបស់យោធាថៃដោយបំពានមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។ ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាមរយៈការសម្របសម្រួលពីក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនៅទីតាំងនានាតាមបណ្តាខេត្តជាប់ព្រំដែន ក្នុងនោះដូចជា៖ ខេត្តពោធិ៍សាត់៖ នៅតំបន់អូរភ្លុកដំរី, ច្រកជ័យជំនះ, មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ,ខេត្តឧត្តរមានជ័យ៖ នៅស្ពានអូរជីក, តំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ និងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ,ខេត្តបន្ទាយមានជ័យ៖ តំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ, តំបន់ច្រកបឹងត្រកួន និងចុះសង្កេតការណ៍និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួកផងដែរ ,ខេត្តព្រះវិហារ៖ ចុះពិនិត្យនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត និងតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។
ឯកឧត្តម បានបន្តថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយុត្តិធម៌ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងគោរព អនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ការគាំទ្រនិងផ្តល់សារសំខាន់ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ធ្វើឡើងស្របតាមស្មារតីនៃចំណុចទី១២ (ផ្នែកទី២) នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះ ដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ នេះសបញ្ជាក់ច្បាស់ថា កម្ពុជាពិតជាមានឆន្ទៈគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយស្មោះត្រង់ តម្លាភាព និងយុត្តិធម៌ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាអ្នកផ្ទៀងផ្ទាត់៕
