សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចូលរួមពិធីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មី«វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ដែលទើបសាងសង់រួចរាល់នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលតាមបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។
បន្ទាប់ពីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តហើយនោះ អគារថ្មីនៃព្រឹទ្ធសភា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
អគារ «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មានកម្ពស់បួនជាន់ ជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងជាសាលប្រជុំព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានា។
«វិមានសាមគ្គីភាព» ជាសមិទ្ធផលថ្មីនិងជាប្រវត្តិសាស្រ្តមួយទៀត បានលេចរូបរាងឡើង ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការសាងសង់ បានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ៕






