តុលាការ សម្រេចផ្តន្ទាទោស​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ដាក់ពន្ធនាគារ​​១៣ឆ្នាំ និង​៦​ខែ លើសំណុំរឿងចំនួន៤

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ចំនួន​៤​សំណុំរឿង តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​១៣ឆ្នាំ និង​៦​ខែ មិន​សុខចិត្ត​បើកផ្លូវ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណ​ង់​ច្បាប់។

សាលក្រម​ទី​១ លើ​សំណុំរឿង «​​ហិ​ង្សា​ដោយ​ចេតនា ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ»។ សាលក្រម​ទី​២ លើ​សំណុំរឿង​ «​​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើង» ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​៦​ខែ។ សាលក្រម​ទី​៣ លើ​សំណុំរឿង​. «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សង្គម» ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ។ សាលក្រម​ទី​៤ លើ​សំណុំរឿង​ «​គំរាម​កំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស» ដាក់​ពន្ធនាគារ​កំណត់​៨ឆ្នាំ។ ដូច្នោះ​ ទោស​សរុប​ទាំង​៤​សំណុំរឿង ជនជាប់​ចោទ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​ចំនួន​១៣​ឆ្នាំ​កន្លះ ដែល​បច្ចុប្បន្ន​ជនជាប់ចោទ​អតីត​ឧកញ៉ា ហេង សិ​ទ្ធី កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​គារ ​(​ម​៣) ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ។

អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី នៅថ្ងៃ១៣ មករា ២០២៥ វេលាម៉ោងប្រមាណ១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ខណៈមានបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកដល់កម្ពុជានៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ៕

5
Promotion