កម្ពុជា នឹងអាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ បន្ទាប់ពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) សម្រាប់បើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំទ្វេភាគី និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហេីយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នាពិនិត្យលេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលេីកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វេីយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លេីស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដេីមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលេីការទប់ស្កាត់ភ្លេីងឆេះព្រៃ ការអភិរក្សព្រៃឈេី សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។
មុនបញ្ចប់កិច្ចប្រជុំនេះ សមភាគី កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ៦,៤៦ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ កើនឡើង ៧,៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប នៅតែជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា ប៉ុន្តែទីផ្សារចិន និងអាស៊ាន ក៏បានបង្កើនការទិញពីកម្ពុជាផងដែរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) សម្រាប់ពាណិជ្ជកម្មកសិកម្មរបស់កម្ពុជា៕


