វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣៧ វគ្គហ្វឹកហ្វឺនឆត្របញ្ជាជំនាន់ទី៩ វគ្គហ្វឹកហ្វឺនកុម្មង់ដូជំនាន់ទី១៣ និងវគ្គហ្វឹកហ្វឺនបើក ជួសជុលអូប័រជំនាន់ទី៧ ត្រូវបានបញ្ចប់ និងបិទវគ្គហ្វឹកហ្វឺនរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល់។

ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺនទាំង ០៤ជំនាញខាងលើ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះនាយទាហាន ពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផងដែរ ចំពោះក្រុមគ្រួសារយោធិនទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានទ័ពពិសេស និងគ្រូយោធាចារ្យទាំងអស់ ដែលតែងតែគិតគូរ អភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិ មាតុភូមិ។ លោកក៏សូមចូលរួមអបអរសាទរដល់ក្មួយៗយោធិនគ្រប់រូបដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញទាំង០៤ខាងលើដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និងបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីក្លាយជាយោធិនដែលមានជំនាញពិតប្រាកដកក្នុងកិច្ចការពារជាតិ និងបូរណៈភាពទឹកដី៕








