បារំាង ត្រៀមផ្តល់ឯកសារដើមដែលមានដល់កម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនមួយថៃ

បារាំងបានត្រៀមផ្តល់ឯកសារផែនទីនិងបច្ចេកទេសពាក់ព័ន្ធនឹងសន្ធិសញ្ញាឆ្នាំ១៩០៤១៩០៧ព្រមតាមសំណើកម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះការបញ្ជាក់របស់ឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងពេលដឹកនាំគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ កសាងនិងអភិវឌ្ឍប្រទេសកម្ពុជារហូតមក។ សម្តេចក៏បានអរគុណដល់សមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធភាព ឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនេះ ក៏បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថា ភាគីណាជាជនរងគ្រោះ និងភាគីណាជាអ្នកឈ្លានពានពិតប្រាកដ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចនិងជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ដូចនេះកម្ពុជាត្រូវការសន្តិភាព គឺមិនត្រូវការសង្រ្គាមនោះទេ ហើយក៏មិនមានបំណងចង់ឈ្លានពានប្រទេសជិតខាងម្តងណាឡើយ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។

ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានគណៈប្រតិភូ បានបញ្ជាក់ថា បារំាងក៏បានត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជាផងដែរ។  ឯកឧត្តមបានបញ្ជាក់ទៀតថា ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០  នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឈានទៅសម្រេចបានភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ដោយនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង៕

5
Promotion