អគ្គលេខាធិការ UN លើកទឹកចិត្តដល់កម្ពុជា និងថៃ ឱ្យបន្តការសន្ទនាដើម្បីដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបំពេញទស្សនកិច្ចការងារនៅអង្គការសហប្រជាជាតិ ប្រទេសស្វីស  បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នៅប្រទេសស្វីស នៅថ្ងៃទី២៣ កុម្ភៈ ២០២៦ សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀត។

ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជាបញ្ហាព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍ដែលបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាក្នុងខែធ្នូ ឆ្នាំ២០២៥ នៅតែបន្ត។ ឯកឧត្តមបានលើកទឹកចិត្តបន្ថែមទៀតដល់ប្រទេសកម្ពុជា និងថៃឱ្យបន្តការសន្ទនាដើម្បីដោះស្រាយភាពខុសគ្នាតាមរយៈមធ្យោបាយសន្តិភាព។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាក់ចេញពីកម្ពុជាកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ដើម្បី ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៩ ខែកុម្ភៈ និងបន្តទស្សនកិច្ចការងារទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន  ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត។

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក៏បានតាមដានបេសកកម្មការទូតរបស់សម្តេចធិបតីដោយយកចិត្តទុកដាក់ និងបានផ្តល់ការគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងដំណើរបំពេញបេសកកម្មការងារការទូតលើឆាកអន្តរជាតិនាពេលនេះ ជាពិសេសពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលរងការបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ដោយបង្ហាញជំហរច្បាស់លាស់របស់កម្ពុជាប្រាប់សហគមន៍អន្តរជាតិ៕

5
Promotion