ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧ នៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥។

តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។

គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕