ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំនេះ កម្ពុជា–អាមេរិក បានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។
គួររម្លឹកថា មុននឹងឈានដល់ការឯកភាពចេញសេចក្ដីថ្លែងការណ៍រួមលើពន្ធបដិការនេះ ក្រុមការងារចរចា កម្ពុជា បានប្រជុំជាមួយភាគីសហរដ្ឋអាមេរិក ចំនួនពីរដងរួចហើយ ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួប ២៤៩ ឆ្នាំ នៃទិវាឯករាជ្យសហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ។
ការប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតនាពេលនេះ បង្ហាញឲ្យឃើញពីសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា៕
ដោយ៖ ផុន លីហ្សា

