នគរបាលជាតិកម្ពុជាជួបប្រជុំដោយឡែកជាមួយភាគីថៃ ដើម្បីពិនិត្យលើផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាបទល្មើសឆ្លងដែន របស់ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានអញ្ជើញជួបប្រជុំដោយឡែក ជាមួយភាគីថៃ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។

គួរបញ្ជាក់ដែរថា ការពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស អនុលោមតាមស្មារតី កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងអនុលោមតាមកិច្ចប្រជុំលើកទី១ កម្ពុជា-ថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសជួញដូរមនុស្ស។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈពេលដែលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕