ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បណ្តាឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀស នៅ Miyun និង Yanqing ដែលជាសង្កាត់ព្រៃភ្នំរបស់ប្រទេសចិន។

តាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃអង្គារនេះ ភ្លៀងបន្តធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍រហូតដល់ ៥៤៣មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយមានការខូចខាតផ្លូវថ្នល់ ដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាង ១៣០ និងការកើនឡើងកម្ពស់ទឹកទន្លេដែលជំរុញឱ្យមានការរំដោះទឹកពីទំនប់ទឹក។
ជាឆ្លើយតបភ្លាមៗ ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបទបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះទាន់ពេល និងវិធានការសុវត្ថិភាពយ៉ាងតឹងរឹង រួមទាំងការផ្អាកសាលារៀន សំណង់ និងសកម្មភាពទេសចរណ៍។
សូមជម្រាបថា ដោយមានការព្យាករណ៍ភ្លៀងធ្លាក់កាន់តែច្រើន អាជ្ញាធរទីក្រុងប៉េកាំងជំរុញឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងចៀសវាងទៅកាន់តំបន់ងាយនឹងមានទឹកជំនន់៕

