សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ប្រធានព្រឹទ្ធសភា បានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។ លោកក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចធិបតី និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមគ្នានេះក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ៕


