ចាយជីវិតហាយសូរជាមួយលោក ប៊ឺរី សុខៗ ម៉ាដាមដា ត្រូវស្រ្តីម្នាក់ទម្លាយវិដេអូរឿងជំពាក់លុយខ្ទង់២០ម៉ឺនដុល្លារ 

កំពុងចាយជីវិតហ៊ឹហារជាមួយតារាសម្តែងរូបសង្ហា ប៊ឺរី យ៉ាងមានក្តីសុខ ស្រាប់តែថ្មីៗនេះស្ត្រីម្នាក់ដែលមានឈ្មោះថា Cheng Yie បានបង្ហោះវិដេអូដែល ម៉ាដាមដា ជំពាក់លុយនាងរហូតដល់ទៅ២០ម៉ឺនដុល្លារ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យអនឡាញ ។ 

ម៉ាដាមដា ត្រូវមហាជនស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលជោគជ័យខ្លាំងនៅក្នុងជីវិត ហើយនាងក៏បានចាប់ដៃគូជាមួយបុរសង្ហា ប៊ឺរី សាងគ្រួសារផងដែរ ជាក់ស្តែងកាលពីប៉ុន្មានខែមុននាងបានទិញរថយន្តទំនើប និង កាដូជាច្រើនដល់លោក ប៊ឺរី ផងដែរ សរុបជាទឹកប្រាក់គឺជិតខ្ទង់លានដុល្លារ ។ លើសពីនេះទៅទៀត នាងនិងលោក ប៊ឺរី ក៏បានដើរមើលផ្ទះវីឡាថ្មីមួយដើម្បីត្រៀមរៀបការនិងគ្នានៅក្នុងឆ្នាំ ២០២៥ ផងដែរដែលមានតម្លៃខ្ទង់លានដុល្លារ ។ 

គ្រាន់តែប្រើជីវិតហ៊ឹហាររួមគ្នាមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះមានស្រ្តីម្នាក់បានទម្លាយវិដេអូ ដែល ម៉ាដាមដា បានទៅខ្ចីលុយរបស់នាងខ្ទង់២០ម៉ឺនដុល្លារ ពុំព្រមសង ទើបនាងដាច់ចិត្តបង្ហោះវិដេអូនោះ ។ 

តាមរយៈហ្វេសប៊ុករបស់នារីឈ្មោះ Cheng Yie បានរៀរាប់សារអមដោយវិដេអូថា « ចូលខ្លួនដោះស្រាយផង Madam ទុកពេលឱ្យដូចជាច្រើនថ្ងៃពេកហើយ ពីមួយថ្ងៃទៅមួយថ្ងៃគិតតែកុហកគេ គេឆាតទៅទារប្លុកគេ មិនលើកលេខគេ ទៅទារលុយដល់មុខផ្ទះក៏អត់ហ៊ានចេញមកដែរ សំខាន់ឱ្យសែកអត់លុយទៀតស៊ីស …(២០ម៉ឺនដុលារ )» ។ 

គ្រាន់តែឃើញសាររបស់ស្រ្តីនោះភ្លាមធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យអនឡាន អ្នកខ្លះក៏ចំអក អ្នកខ្លះក៏ហួសចិត្ត អ្នកខ្លះក៏អាណិត នៅពេលដែលឃើញរឿងបែបនេះ ។ តែទោះជាយ៉ាងណា ម៉ាដាមដា នៅពុំទាន់ចេញមុខបកស្រាយការពិត ឬតបតទៅស្រ្តីម្នាក់នោះនៅឡើយទេ ៕