តារាកំប្លែងនាយ កុយ ចេញច្រៀងកាត់សក់ការជាមួយអ្នកនាង ខាត់ សុឃីម ក្រោយបាញ់គីមីជាថ្មី ! 

តារាកំប្លែងនាយ កុយ បានចេញច្រៀងកាត់សក់ការជាលើកដំបូងជាមួយអ្នកនាង ខាត់ សុឃីម បន្ទាប់ពីបានបាញ់គីមីជាច្រើនលើកនៅក្រៅប្រទេស ។ 

តារាកំប្លែងនាយ កុយ បានចេញទៅបាញ់គីមីនៅក្រៅប្រទេសជាច្រើនលើកមកហើយ ហើយពេលនេះស្ថានភាពជំងឺរបស់លោកក៏បានល្អប្រសើរឡើងវិញដែរ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥ នេះលោកបានធ្វើដំណើរទៅកាត់សក់ការជាមួយតារាចម្រៀងអ្នកនាង ខាត់ សុឃីម នៅ ស្គន់ ទៀតផង ។ 

មើលទៅទឹកមុខ និងស្ថានភាពរបស់តារាកំប្លែងនាយ កុយ ក្នុងពេលនេះគឺពិតជាល្អប្រសើរច្រើន លោកមានទឹកមុខស្រស់ថ្លា និងមានកម្លាំងកំហែងឡើងវិញហើយ ។ លោកថែមទាំងបានបង្ហាញនូវអារម្មណ៍រីករាយថា លោកបានធូរច្រើន និងអាចបំពេញការងារមួយចំនួនបាន ។ 

ចំណែកអ្នកនាង ខាត់ សុឃីម វិញក៏បានបង្ហាញនូវអារម្មណ៍រីករាយចំពោះការវិលត្រឡប់របស់តារាកំប្លែងនាយ កុយ ថា អ្នកនាងពិតជាសប្បាយចិត្តណាស់ដែលតារាកំប្លែងនាយ កុយ មានសុខភាពល្អប្រសើរនិងអាចវិលត្រឡប់មកធ្វើបានដូចដើម ។

ថ្វីដ្បិតតែវិលត្រឡប់មកកាន់ក្បាលមេក្រូ និងសម្តែងឡើងវិញក្តី តារាកំប្លែងនាយ កុយ នៅតែត្រូវមើលថែសុខភាពយ៉ាងយកចិត្តទុកដាក់ ទាំងការញុំា ហាត់ប្រាណ និងបំពេញការងារផ្សេងៗធ្វើយ៉ាងណាកុំឱ្យហួសកំលាំង ខ្លាចប៉ះពាល់ដល់សុខភាពរបស់ខ្លួន ។ 

ចំណែកកូនៗរបស់តារាកំប្លែងនាយ កុយ វិញ មិនចង់ឱ្យឪពុកខ្លួនទទួលការងារនោះទេ ដោយសារខ្លាចប៉ះពាល់សុខភាព តែទោះជាយ៉ាងណាតារាកំប្លែងនាយ កុយ នៅតែទទូចចង់ធ្វើការងារ ច្រើនជាងសម្រាកនៅផ្ទះ ៕