សុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយបន្ទាប់ពីចូលបន្ទប់សង្រ្គោះបន្ទាន់នៅពេទ្យ រុស្ស៊ី ! 

ក្រោយសម្រាកព្យាបាលប៉ុន្មានថ្ងៃនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី ពេលនេះស្ថានភាពសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយ ។ 

បើតាមប្រភពពីក្រុមគ្រួសាររបស់លោកតា ហ៊្វុយហ្សូ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ថា សុខភាពលោកគ្រូសាស្រ្តាចារ្យ ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយហ្សូ បានល្អប្រសើរច្រើនហើយ ក្រោយពីបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងមើលថែយ៉ាងកក់ក្តៅ ។ 

គួររំលឹកផងដែរថា លោកតា ហ៊្វុយហ្សូ ដែលជាដែលជាតារាកំប្លែង និងជាគ្រូសិល្បៈជើងចាស់បុរាណបានចូលបន្ទប់ ICU  ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី កាលពីសប្តាហ៍មុន បន្ទាប់ពីជំងឺសួតរបស់លោកតាធ្វើទុក្ខខ្លាំង ដោយមានអាការៈក្អក ហត់ខ្លាំង និងមានកំហាកចេញឈាម ។ក្រុមគ្រួសាររបស់លោកតាពេលនេះបានធូរចិត្តហើយ បន្ទាប់ពីស្ថានភាពសុខភាពរបស់លោកតាបានល្អប្រសើរ ហើយលោកតា នឹងចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗខាងមុខ ។

បន្ទាប់ពីសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរ និងត្រៀមចេញពីមន្ទីរពេទ្យ លោកតាក៏មានគម្រោងមកមើល និងដឹកនាំក្រុមរបាំ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខផងដែរ ដូចដឹងស្រាប់ហើយថា លោកតាស្រឡាញ់សិល្បៈខ្លាំង ជាពិសេសរបាំត្រុដ ដែលពេញនិយមសម្តែងនិងលេងបំផុតលេងក្នុងឱកាសបុណ្យចូលឆ្នាំ ៕