ស្របពេលដែលតារាសម្តែង និងជាពិធីការិនីល្បីល្បីឈ្មោះ ឌួង ហ្សូរីដា បង្ហាញពីវីឡាធំទ្រនំខ្ពស់តម្លៃកប់ពពកឱ្យមហាជនបានដឹង កាន់តែមានអ្នកដៀមដាមនាងច្រើនឡើងពីរឿងជំពាក់លុយធនាគារយកទៅ ទិញវីឡាធំរស់នៅ ។ ដោយមិនបង្អង់យូរនាងបានដាក់ចំៗទៅកាន់អ្នកដៀមដាមនាងយ៉ាងឈឺៗបំផុត ។

កន្លងមក ឌួង ហ្សូរីដា បានប្រាប់ការពិតទៅកាន់មហាជនយ៉ាងច្បាស់លាស់ថា នាងពិតជាជំពាក់លុយធនាគារដើម្បីយកទុកវីឡាធំដើម្បីរស់នៅយ៉ាងពិតប្រាកដមែន ដើម្បីបំពេញក្តីស្រមៃធំរបស់ម្តាយខ្លួនដែលទទួលមរណៈភាព ព្រមទាំងក្តីស្រមៃរបស់បងប្អូននាងទាំងអស់គ្នា ។ នាងមិនមានអារម្មណ៍ខ្មាស់អៀននៅពេលដែលបង្ហាញថាខ្លួនជំពាក់បំណុលធនាគារនោះទេ ពីព្រោះនាងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់រំលោះផ្ទះ ។
ស្របពេលដែលផ្ទះវីឡាធំរបស់នាងសាងសងជិតរួចរាល់ ស្រាប់តែមានអ្នកដៀមដាម និងថាឱ្យនាងជាបន្តបន្ទាប់រឿងជំពាក់បំណុលធនាគារយកលុយទិញផ្ទះធំរស់នៅ ធ្វើឱ្យនាងកក់ស្លឹកត្រចៀកមិនស្ទើរឡើយ ។
ជាមួយគ្នានោះ ឌួង ហ្សូរីដា បានបញ្ជាក់ជាថ្មីទៅកាន់អ្នកដែលដៀមដាមនិងថាឱ្យនាងបែបនោះថា នាងមិនខ្វល់ ឬខ្លាចបង្ហាញមហាជនថា នាងទិញផ្ទះដោយបង់រំលោះនោះទេ ផ្ទុយទៅវិញនាងបែរជាសប្បាយចិត្តដែលធនាគារទុកចិត្តឱ្យនាងខ្ចីលុយដើម្បីបង់រំលោះ ពីព្រោះនាងមានអាជីវកម្ម និងមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបង់តាមកាលកំណត់ ។ ធម្មតាមសម្រាប់អ្នកដែលពុំមានប្រាក់កាសគ្រប់គ្រាន់ដើម្បីទិញផ្ទះ ត្រូវតែប្រឹងរក និងខ្ចីលុយធនាគារបន្ថែម ទើបអាចបានទ្រព្យដែលខ្លួនចង់បាន ។
ឌួង ហ្សូរីដា ថែមទាំងនិយាយថា នាងមានផ្ទះជាច្រើនកន្លែងផ្សេងទៀតដែលបានទិញដាច់ ពេលនេះនាងកំពុងដាក់លក់ផ្ទះមួយចំនួនដើម្បីយកថវិការទុកសម្រាប់បំពេញនៅផ្ទះថ្មីរបស់ខ្លួន ។
វីឡាធំរបស់ ឌួង ហ្សូរីដា នឹងរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ពេលរួចរាល់នាងត្រៀមនឹងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមឡើងកេហដ្ឋានថ្មីរបស់ខ្លួន ៕


