អតីតបវរកញ្ញាចក្រវាល២០២១ ងិន ម៉ារ៉ាឌី ថា « រៀនជំនាញធ្វើក្រចកជួយសម្រាលបន្ទុកគ្រួសារពេលទៅនៅ អាមរិក » 

ជាស្រីស្អាតមានសំណាងបានស្វាមីស្រឡាញ់ថ្នាក់ថ្នមមិនឱ្យលំបាក ប៉ុន្តែសម្រាប់ ងិន ម៉ារ៉ាឌី អតីតបវរកញ្ញាចក្រវាលឆ្នាំ២០២១ នៅតែមិនអស់ចិត្តបានរត់ទៅសិក្សាបន្ថែមផ្នែកធ្វើក្រចក ដើម្បីត្រៀមទៅបើកអាជីវកម្មនៅ សហរដ្ឋអាមេរិក តាមស្វាមីខ្លួនក្នុងពេលឆាប់ៗខាងមុខ ។

ថ្វីដ្បិតតែពេលនេះកូនស្រីរបស់ស្រីស្អាត ងិន ម៉ារ៉ាឌី ធំជាងមុនក្តីនាងនៅពុំទាន់ដឹកដៃកូនចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយស្របច្បាប់នៅឡើយទេ ដោយស្វាមីនាងចុះឡើងៗជូបមុខប្រពន្ធកូនក្នុងមួយឆ្នាំ២ទៅ៣ដង ។ ទោះជាយ៉ាងនេះក្តី ងិន ម៉ារ៉ាឌី ធ្លាប់បានប្រាប់ថា នាងនិងកូនត្រៀមនឹងចេញទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ។

ជាមួយនិងការត្រៀមខ្លួនចេញទៅរស់នៅតាមស្វាមី ស្រីស្អាត ងិន ម៉ារ៉ាឌី ក៏បានទៅហាត់រៀនសិក្សាបន្ថែមផ្នែកធ្វើក្រចក ដែលជាជំនាញមួយកំពុងត្រូវប៉ាន់នៅ អាមេរិក ។ ងិន ម៉ារ៉ាឌី បាននិយាយថា លោកប្តីឃើញអូនជោគជ័យពិតជារំភើបណាស់ ! អូនខំឱ្យខ្លួនឯងពូកែមិនមែនអូនចង់ខ្លាំងជាងគេឬប្រកួតជាមួយនរណាទេ តែអូនចង់ក្លាយជាចំណែកតូចមួយជួយសម្រាលបន្ទុកបង ។

ស្រីស្អាត ងិន ម៉ារ៉ាឌី មានគម្រោងនឹងយកជំនាញដែលខ្លួនបានរៀននិងសិក្សាខាងផ្នែកធ្វើក្រចកនេះ ដើម្បីយកទៅបើកអាជីវកម្មនៅលើទឹកដី អាមេរិក បន្ទាប់ពីនាងទទួលបានសិទ្ធរស់នៅទីនោះដោយស្របច្បាប់ ។ នាងរំពឹងថាជំនាញដែលខ្លួនបានរៀន អាចជួយធ្វើឱ្យជីវិតនិងជីវភាពរបស់ខ្លួនកាន់តែល្អប្រសើរឡើង ដើម្បីជួយសម្រួលដល់បន្ទុកគ្រួសារ ។ 

ចំណែកពេលវេលាច្បាស់លាស់នៅក្នុងការចេញទៅរស់នៅតាមស្វាមីនៅ អាមេរិក ត្រូវបាន ងិន ម៉ារ៉ាឌី បញ្ជាក់ជាថ្មីថា អាចនឹងចេញទៅក្នុងពេលឆាប់ៗ គ្រាន់តែពុំទាន់ច្បាស់ពេលវេលាប៉ុណ្ណោះ ៕