ជីវិតមិនអាចពឹងលើសិល្បៈ លីវ ជីលី បើកហាងថែរក្សាសម្រស់បង្កើនប្រាក់ចំណូល

ដោយមើលឃើញថាជីវិតមិនអាចពឹងពាក់ទាំងស្រុងលើអាជីពសិល្បៈតារាសម្តែងនិងជាអតីតបវរកញ្ញាល្បីឈ្មោះ កញ្ញា លីវ ជីលី បានបើកហាងថែករក្សាសម្រស់មួយកន្លែង ដើម្បីបំពេញក្តីស្រមៃខ្លួន និងស្វែងរកថវិការចិញ្ចឹមជីវិត ។ 

កញ្ញា លីវ ជីលី មិនត្រឹមតែជាតារាសម្តែងនិងជាតារាបង្ហាញម៉ូដល្បីឈ្មោះប៉ុណ្ណោះទេ នាងធ្លាប់ជាម្ចាស់មកុដ Miss Grand Cambodia 2020 និង Miss Supranational Cambodia 2023 ដែលអាចអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីវិស័យនេះ ប៉ុន្តែចូលឆ្នាំ២០២៥នេះជីវិតសិល្បៈ របស់នាងហាត់ស្ងាត់ឈឹង ស្ទើរតែពុំមានស្នាដៃថ្មីណាមួយបង្ហាញមហាជនឡើយ ។

ស្របពេលដែលជីវិតការងារក្នុងសិល្បៈស្ងប់ស្ងាត់បែបនេះ លីវ ជីលី បានងាកមកបើកហាងថែរក្សាសម្រស់វិញ ជាក់ស្តែងនៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នា ២០២៥ កន្លងមកនេះ នាងបានរៀបចំសម្ពោធហាងថ្មីរបស់ខ្លួនដែលមានឈ្មោះថា Chelly Beauty Care ដោយនាងបាននិយាយថា « កាដូសម្រាប់ជីវិត » ។

លីវ ជីលី ថែមទាំងបាននិយាយថា ជីវិតមិនអាចពឹងពាក់ទាំងស្រុងលើអាជីពសិល្បៈមួយមុខបានទេ នាងត្រូវរកអាជីពបន្ថែមដើម្បីរកប្រាក់ចំណូលទុកសម្រាប់ចិញ្ចឹមជីវិត ។ 

កញ្ញា លីវ ជីលី មិនបានបង្ហាញពីទំហំទឹកប្រាក់ដែលខ្លួនយកមកវិនិយោគក្នុងវិស័យសម្រស់នេះទេ ប៉ុន្តែកន្លងមកនាងធ្លាប់បានប្រាប់ថា នាងត្រៀមប្រាក់រាប់ម៉ឺនដុល្លារដើម្បីទុករកស៊ី ។ 

ជាមួយនិងការបើកដំណើរការហាងថ្មីនេះគេចាប់អារម្មណ៍ឃើញថា ក៏មានវត្តមានគូស្នេហ៍របស់ លីវ ជីលី នៅក្បែរខ្លួនរបស់នាងផងដែរ រហូតត្រូវបានគេសង្ស័យថា បន្ទាប់ពីនាងបើកហាង និងជោគជ័យក្នុងការងាររកស៊ីនេះហើយ នាងអាចនឹងចាត់ចែងរៀបចំពិធីមង្គលការរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ៕