ខណៈពេលដែលតារាសម្តែង នី មុនីនាថ ត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្តែងឡើងវិញ ស្រាប់តែនាងបង្ហើបប្រាប់ថា ខ្លួនមិនហ៊ានរៀបការទេ ដោយសារតែនាងមានតម្រូវការខ្ពស់ ។

ប៉ុន្មានថ្ងៃនេះតារាសម្តែង នី មុនីនាថ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបញ្ចេញនូវរូបភាពមង្គលការមួយសន្លឹកឱ្យអ្នកគាំទ្របានឃើញ ហើយម្នាក់ៗបានគិតថា នាងពិតជារៀបការមែន ។
ចំពោះរឿងនេះត្រូវបានតារាសម្តែង នី មុនីនាថ បញ្ជាក់ប្រាប់ថា នាងមិនបានរៀបការទេ រូបថតនោះគ្រាន់តែជាការថតរឿងខ្លីតែប៉ុណ្ណោះ ។ សម្រាប់អាជីពសម្តែងនាងនឹងវិលត្រឡប់មកកាន់វិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខ តែប្រសិនបើផលិតករណានៅតែពេញចិត្តនិងចង់ឱ្យនាងថត នាងនឹងទទួលថតដោយមិនប្រកាន់ឡើយ ។
ស្របពេលដែលត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្តែងវិញ តារាសម្តែង នី មុនីនាថ ក៏បានបង្ហើបប្រាប់ផងដែរថា នាងមិនមានគម្រោងរៀបការក្នុងពេលឆាប់ៗនេះទេ ។ ទី១ដោយសារតែនាងមានប្រវត្តិឈឺចាប់ម្តងរួចមកហើយ ។ ទី២នាងមានគ្រួសារ ឪពុកម្តាយ ប្អូនៗដែលស្ថិតនៅក្នុងបន្ទុក សព្វថ្ងៃនេះនាងមានបន្ទុកធំណាស់នៅក្នុងគ្រួសារ ។ ប្រសិនបើរៀបការរួចតើអាចប្រុសអាចរ៉ាប់រងនូវអ្វីដែលនាងកំពុងរ៉ាប់រងនេះទេ ? នេះហើយជាមូលហេតុដែលនាងពិបាកក្នុងការសម្រេចចិត្តរៀបការចោលគ្រួសារ ។
ទោះបីជាមិនទាន់សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ នី មុនីនាថ នៅតែអះអាងថា ទំនាក់ទំនងនាងនិងបុរសខ្មែររស់នៅប្រទេស អូស្រ្តាលី នៅតែល្អដូចដើម គ្រាន់តែមិនទាន់ឈានដល់ថ្ងៃរៀបការប៉ុណ្ណោះ ៕



