ថ្មីៗនេះមានលេចលឺព័ត៌មានជាច្រើនថា តារាសម្តែង ព្រះកាយច័ន្ទ នឹងវិលត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀត បន្ទាប់ពីមានផេកផ្លូវការរបស់កម្មវិធីបវរកញ្ញាមួយបានប្រកាសពីវត្តមានរបស់នាង ។ ទោះបីជាយ៉ាងនេះក្តី តារាសម្តែង ព្រះកាយច័ន្ទ បានអះអាងយ៉ាងដូច្នេះ ។

ព្រះកាយច័ន្ទ ធ្លាប់មានការខកចិត្តជាខ្លាំងបន្ទាប់ពីបានដកខ្លួនចេញពីការប្រកួត កម្មវិធីបវរកញ្ញាមួយកាលពីឆ្នាំមុន ទាំងដែលខ្លួនមិនទាន់បានបំពេញក្តីស្រមៃធំ ។ តែទោះជាយ៉ាងណា ព្រះកាយច័ន្ទ នៅតែចិញ្ចឹមចិត្តចង់សាកល្បងក្នុងវិស័យនេះផងដែរ ។
ស្របពេលជាមួយនេះគ្នាមានផេកផ្លូវការ Miss Global Cambodia 2025 បានប្រកាសពីវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ រហូតធ្វើឱ្យមហាជនជាច្រើនគិតថា ព្រះកាយច័ន្ទ ត្រៀមខ្លួនដើម្បីចូលរួមប្រកួតជាថ្មីម្តងទៀត ។
ជួបជាមួយតារាសម្តែង ព្រះកាយច័ន្ទ កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់យ៉ាងច្បាស់ៗថា នាងមិនមានបំណងនឹងវិលត្រឡប់មកប្រកួតវិស័យបវរកញ្ញានោះទេ សម្រាប់កម្មវិធី Miss Global Cambodia 2025 គឺនាងចូលរួមធ្វើជា MC ប៉ុណ្ណោះ ។
ព្រះកាយច័ន្ទ ក៏បានទទួលស្គាល់ផងដែរថា មានអ្នកគាំទ្រជាច្រើនចង់ឱ្យនាងចូលប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ប៉ុន្តែនាងសុំមិនទទួលដោយសារ ចង់ទុកឱកាសទាំងនោះឱ្យប្អូនៗជំនាន់ក្រោយច្រើនជាង ។
ក្រៅពីអាជីពសម្តែង ព្រះកាយច័ន្ទ គឺជាគ្រូបង្ហាត់បង្រៀនសិស្សរបាំបុរាណ និងសម័យដល់ប្អូនៗតូចៗនៅក្នុង ព្រះកាយច័ន្ទក្លឹប ដែលពេលនេះមានរហូតដល់ទៅ ២សាខា ។ ដោយសារតែជោគជ័យក្នុងការបណ្តុះបណ្តាលកុមារតូចៗដែលចូលចិត្តខាងសិល្បៈ ព្រះកាយច័ន្ទ ត្រៀមនឹងបើកសាខាទី៣របស់ខ្លួនជាបន្តទៀត ដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួន ៕



