នៅពីក្រោយការវិលត្រឡប់មកកាន់វិស័យសម្តែងរបស់ នៅ សុនីតា ក្រោយផ្អាកសិល្បៈជាង ១០ ឆ្នាំ ! 

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាសម្តែង នៅ សុនីតា វិលត្រឡប់មកឆាកសម្តែងឡើងវិញបន្ទាប់ពីបាត់មុខពីវិស័យនេះអស់ពេលជាង១០ឆ្នាំ ។ 

តារាសម្តែង នៅ សុនីតា បានបោះបង់អាជីពសម្តែងអស់ពេលជាង១០ឆ្នាំមកហើយ បន្ទាប់ពីមានគ្រួសារ និងមានកូន ដោយឡែកថ្មីៗនេះនាងស្រាប់តែលេចមុខនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ទៅវិញ ។ ជុំវិញនៃការវិលត្រឡប់របស់តារាសម្តែង នៅ សុនីតា ត្រូវមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នា ពីព្រោះនាងបានសាងគ្រួសារមានកូនចៅ និងមានទ្រព្យសម្បត្តិមុខមាត់រស់នៅសុខស្រួលទៅហើយ ចុះម្តេចឡើយក៏វិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះទៅវិញ ? 

ជុំវិញនៃការវិលត្រឡប់មកកាន់ឆាកសម្តែងរបស់តារាសម្តែង នៅ សុនីតា ត្រូវបាននាងបញ្ជាក់ប្រាប់ថា តាមពិតនាងបានផ្អាកពីអាជីពនេះយូរមកហើយដោយសារបញ្ហាសុខភាពផង និងបញ្ហាការងារផ្ទាល់ខ្លួនផង តែដោយសារក្តីស្រឡាញ់ និងមានការជម្រុញពីមិត្តភក្តិ នាងក៏បានបន្តនៅលើវិថីនេះសារជាថ្មីម្តងទៀត តែមុននឹងទទួលថតរឿងនេះ គឺលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD បានទៅសុំការអនុញាតិពីស្វាមីរបស់នាងផ្ទាល់តែម្តង ។

ក្រោយពីទទួលបានភ្លើងខៀវពីស្វាមី នៅ សុនីតា ក៏មានឱកាសបានត្រឡប់មកកាន់វិស័យសម្តែងជាថ្មី ដើម្បីបន្តក្តីស្រមៃខ្លួន ជាក់ស្តែងបន្ទាប់ពីមានវត្តមាននៅក្នុងរឿង « អំពើអ្នកជិតខាង » នាងក៏មានគម្រោងនឹងបន្តថតភាពយន្តជាបន្តបន្ទាប់ទៀតផងដែរ ៕