ថ្ងៃចូលរោងជ័យ ជី ដេវីត ពោលពាក្យសន្យា៨ឆ្នាំចំពោះ ទេព បូព្រឹក្ស ជាមួយនិងការដាក់ទុនជីវិត ! 

ថ្ងៃចូលរោងជ័យ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងថ្ងៃនេះ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនស្ងើចសរសើរគ្រប់ៗគ្នាពីការរៀបចំនិងការតុបតែងរបស់អ្នកទាំងពីរ ហើយអ្វីដែលកាន់តែពិសេសនោះ គឺលោក ជី ដេវីត បានពោលពាក្យប្រកបដោយអត្ថន័យទៅកាន់ភរិយាជាទីស្រឡាញ់របស់ខ្លួនដែលបានសន្យាកាលពី៨ឆ្នាំមុន រួមជាមួយនិងការតស៊ូកាន់ដៃគ្នា និងការដាក់ទុនជីវិត ។ 

ខណៈពេលដែលរៀបចំពិធីចូលរោងជ័យចប់ភ្លាម លោក ជី ដេវីត បានពោលពាក្យយ៉ាងក្តុកក្តួចចិត្តទៅកាន់ភ័យ និងឱ្យមហាជនដឹងថា « ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍ ។ ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀង ទឹកភ្នែក ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាយន្តជីវិត ។ នារីម្នាក់ដែលផ្តល់ភាពជឿជាក់លើដៃគូ ដោយហ៊ានដាក់ជីវិតជាដើមទុនរវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្តីស្តីថា ។ តែទោះជាក្នុងកាលៈទេសៈណាក៏សច្ចាថា នឹងដើររូមគ្នារហូត ទោះជាឆ្លងមហាសមុទ្រភ្លើង សមុទ្រផ្សែងឆ្លងដែនភ្នំមាសក្តី ក៏មិនរាថយ ។ ពួកយើងពុះពារថែរក្សានូវចំណងដៃនៃដំណក់ឈាមដែលប្រទានដោយទេវតា ។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លា បំពេញមុខលោកមេបា គ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្តី ស្របច្បាប់ ស្របប្រពៃណី សច្ចាភក្តីជានិរន្តរ៍ » ។ 

បន្ទាប់ពីឃើញលោក ជី ដេវីត ពោលពាក្យក្តុកក្តួលបែបនេះធ្វើឱ្យមហាជនមានការស្ងើចសរសើរពីការតស៊ូរបស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ខ្លាំងណាស់ ។ 

មង្គលការរបស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានគេចាត់ទុកថា ជាពិធីមង្គលការដ៏ធំប្រចាំឆ្នាំនិងកក្រើកជាងគេសម្រាប់អ្នកសិល្បៈនៅក្នុងឆ្នាំនេះ ដោយសារអ្នកទាំងពីរៀបចំពីធីឡើងយ៉ាងធំដុំ និងចំណាយអស់ប្រាក់ច្រើនមិនធម្មតា ៕