ជាង៧ឆ្នាំ ឈិត សុវណ្ណបញ្ញា ជ្រើសរើសដើរតាមព្រះធម៌បោះបង់សិល្បៈមិនស្តាយស្រណោះ ! 

តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងនិងសម្តែងអស់ពេលជាង៧ឆ្នាំហើយ ដោយសុខចិត្តដើរតាមព្រះធម៌ រកកន្លែងស្ងប់សុខ ព្រោះតែវិប្បត្តិមួយនេះ ។ 

តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានជ្រើសរើសវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញុំាអាបួស ធ្វើសមាធិឱ្យចិត្តស្ងប់ អស់ពេលជាង៧ឆ្នាំមកហើយ ដោយនាងមិនខ្វល់ពីរឿងឡើងឆាកសម្តែង ឬរកប្រាក់ចំណូលពីអាជីពសិល្បៈដូចកាលពីមុនទៀតទេ ដោយនាងបានបង្ហោះនូវរូបភាពជាច្រើន ក្នុងការបូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសីល ។ ទង្វើររបស់ ឈិត សុវណ្ណបញ្ញា ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន ប៉ុន្តែអ្វីដែលជាចម្ងល់នោះ គឺនៅតែមានមហាជនខ្លះឆ្ងល់ថា តើ ឈិត សុវណ្ណបញ្ញា មានបញ្ហាអ្វីក្នុងជីវិតទើបបោះបង់ភាពស៊ីវីឡៃយ ដោយជ្រើសរើសផ្លូវស្ងប់ស្ងាត់បែបនេះ ? បើទោះបីជាកេរ្តិ៍ឈ្មោះនាងក្នុងសិល្បៈនៅតែល្បីល្បាញក្តី ។ 

ជួបជាមួយ ឈិត សុវណ្ណបញ្ញា នៅក្នុងពិធីមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា នាងមិនវិលត្រឡប់មកកាន់សិល្បៈវិញទេ នាងរកឃើញផ្លូវដែលខ្លួនត្រូវដើរហើយ ។ តាមពិតវិស័យពុទ្ធសាសនា គឺបានធ្វើឱ្យចិត្តរបស់នាងស្ងប់សុខ មិនសូវគិតពីរឿងអវិជ្ជមាន ។

អ្នកសិល្បៈស្និទ្ធស្នាលជាមួយ ឈិត សុវណ្ណបញ្ញា បានបង្ហើបប្រាប់ថា ឈិត សុវណ្ណបញ្ញា ជ្រើសរើសផ្លូវព្រះធម៌នេះ ដោយសារកន្លងមកនាងជួបរឿងមិនសប្បាយចិត្តនិងជួបវិវប្បត្តិផ្លូវចិត្ត ពេលដែលនាងដើរផ្លូវព្រះធម៌ ធ្វើឱ្យនាងសប្បាយចិត្ត និងមិនខ្វល់អ្វីទាំងអស់ ។ 

ឈិត សុវណ្ណបញ្ញា បានប្រើជីវិតសោយសុខក្នុងជីវិតដ៏សាមញ្ញារស់នៅក្នុងផ្ទះវីឡាធំទ្រនំខ្ពស់ ដោយមិនខ្វល់ពីជីវភាពឡើយ ពីព្រោះនាងមានសល់ទ្រព្យសម្បត្តិមួយចំនួនធំ ព្រមទាំងអាជីវកម្មខ្លះៗដែលត្រូវមើលខុសត្រូវ ដូច្នេះហើយទើបនាងមិនខ្វល់ពីការរកចំណូលពីការលក់សម្លេងឬចេញសម្តែង ៕