ដើម្បីការពារតារាចម្រៀង មាស សុខសោភា ពីការចោទប្រកាន់រឿងយកស្វាមីគេ ស្រាប់តែលោកតាសក់សភ្នំត្បែងចេញមុខប្រកាសកាលក្តែងៗជម្រះមន្ទិលសង្ស័យនៅថ្ងៃទី ២១ នេះថា ខ្លួនគឺស្វាមី មាស សុខសោភា ចាប់ពីពេលនេះតទៅ ។

ខណៈពេលដែលប្រកាសក្តែងថាខ្លួនគឺជាស្វាមី មាស សុខសោភា និងត្រូវមើលថែនាងទៀតនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសម្លេងពិតរបស់តាសក់សភ្នំត្បែង រហូតមានអ្នកខ្លះជឿ និងអ្នកខ្លះទៀតនៅតែមិនជឿចំពោះរឿងនេះ ។
ក្រឡេកមកមើលតារាចម្រៀង មាស សុខសោភា វិញម្តង កាលពីប៉ុន្មានថ្ងៃមុននាងបានបង្ហោះសារប្លែកៗ រួមជាមួយបទចម្រៀងដ៏មានអត្ថន័យចាក់ដោតដែលសំដៅទៅលើតាសក់សភ្នំត្បែងផងដែរ ដូច្នេះហើយកាន់តែបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងអ្នកទាំងពីរពិតដូចអ្វីដែលមហាជនបានឃើញ ។
ទោះជាយ៉ាងនេះក្តីតារាចម្រៀង មាស សុខសោភា នៅពុំទាន់ចេញមុខបញ្ជាក់ការពិតចំពោះរឿងនេះនៅឡើយទេ មានតែតាសក់សភ្នំត្បែងប៉ុណ្ណោះដែលចេញប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីក្រោយ មាស សុខសោភា និងមានតួនាទីជាអ្នកមើលថែគាត់ចាប់ពីពេលនេះតទៅ ដោយផ្ទាល់គ្មានបុរសផ្សេងណាទៀតទេ ។ ដូច្នេះសូមមហាជនអស់ការសង្ស័យតទៅទៀត ៕
