ពិធីការិនី ហេង កែវនីតា បានដឹកដៃគូស្នេហ៍ខ្លួនភ្ជាប់ពាក្យហើយនៅពីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា នេះ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងឡាយ ប៉ុន្តែមុននឹងសម្រេចចិត្តភ្ជាប់ពាក្យ ហេង កែវនីតា បានជំនេះពាក្យមួយនេះយ៉ាងលំបាក ។

កន្លងមកកញ្ញា ហេង កែវនីតា មិនហ៊ានរៀបការ ឬបង្ហាញមុខគូស្នេហ៍ គឺដោយសារនាងខ្លាចមានឈ្មោះជាស្រ្តីមេម៉ាយ ដូចដឹងស្រាប់ហើយថា មិត្តភក្តិជំនាន់ជាមួយនាងសុទ្ធតែបានលែងលះ បន្ទាប់ពីរៀបការមិនបានប៉ុន្មានឆ្នាំផង ។ ទើបតែថ្មីៗនេះប៉ុណ្ណោះ ហេង កែវ នីតា សម្រេចចិត្តលាភាពនៅលីវ ខណៈពេលដែលមានវ័យជិតក្បែរ៤០ឆ្នាំ បុរសៗដែលតាមស្រឡាញ់នាងជាហូរហែរនោះ ត្រូវកាត់ចិត្តឱ្យហើយទៅ ដើម្បីកុំឱ្យឈឺចាប់ ។
ពិធីភ្ជាប់ពាក្យរបស់ពិធីការិនី ហេង កែវនីតា បានរៀបចំឡើងនៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៥ នេះទៅតាមប្រពៃណីខ្មែរ ដោយបានអញ្ជើញមិត្តភក្តិជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែង កញ្ញា ហ៊ិន ច័ន្ទនីតា ដែលជាមិត្តរួមអាជីពបានចូលរួមនិងអបអរសាទរដែលមិត្តភក្តិបានជួបគូពិត និងភ្ជាប់ពាក្យ ហើយត្រៀមរៀបការឆាប់ៗ ។ ហេង កែវនីតា ពិតជាស្រស់ស្អាតក្នុងថ្ងៃពិសេសរបស់ខ្លួនបើទោះជានាងតុបតែងខ្លួនធម្មតាៗក្តី ។
ជាមួយនិងដំណឹងល្អនេះកញ្ញា ហេង កែវនីតា បានននិយាយថា នាងមានគូហើយ ទំរាំសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យនេះ គឺនាងគិតថាច្រើនណាស់ ខ្លាចបំណងគឺខ្លាចជីវិតគូមិនសមបំណង និយាយយ៉ាងខ្លីគឺខ្លាចការបែកបាក់ ខ្លាចមានឈ្មោះជាស្រ្តីមេម៉ាយ តែទោះជាយ៉ាងណានាងបានជំនះពាក្យថាខ្លាចជាស្រ្តីមេម៉ាយបានហើយ ដោយបានជួបមនុស្សដែលខ្លួនស្រឡាញ់ និងអាចផ្ញើវាសនាបាន ។
កញ្ញា ហេង ផាន់ណា ឬ ហេង កែវនីតា នៅពុំទាន់បង្ហើបប្រាប់ពីពិធីមង្គលការរបស់ខ្លួនដែលត្រៀមនឹងរៀបចំឡើងនៅពេលណាមួយនៅឡើយទេ ពីព្រោះនាងចង់ទុកឱ្យមានការភ្ញាក់ផ្អើល ។
ទោះបីជាភ្ជាប់ពាក្យនិងត្រៀមរៀបការមានគ្រួសារ ហេង កែវនីតា នៅតែអះអាងថា នាងនៅតែបន្តធ្វើការងារជាពិធីការិនីដូចដើម ពីព្រោះការងារនេះគឺនាងស្រឡាញ់និងបានធ្វើជាយូរឆ្នាំមកហើយ ទំរាំមានឈ្មោះល្បីល្បាញគឺនាងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ៕


