ក្រោយចប់បុណ្យភ្ជុំបិណ្ឌ នៅ សូនីតា បង្ហាញអារម្មណ៍ថា « គ្រួសារពិតជាមានសារៈសំខាន់ » !

បន្ទាប់ពីចូលរួមក្នុងសកម្មភាពជួយសង្គមច្រើន តារាសម្តែង នៅ សូនីតា មិនមានពេលវេលាច្រើនដើម្បីជួបជុំគ្រួសារទេ ជាក់ស្តែងបន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ នាងបានបង្ហើរអារម្មណ៍របស់ខ្លួនចំពោះគ្រួសារពិតជាមានសារៈសំខាន់ណាស់ ។ 

តារាសម្តែងនិងជាពិធីការិនី  នៅ សូនីតា កម្រនឹងបង្ហោះរូបភាពស្និទ្ធស្នាល ឬ ផ្អែមល្ហែមជាមួយស្វាមីខ្លួនណាស់ ដោយសារតែស្វាមីរបស់នាងមិនសូវជាចូលចិត្តធ្វើរឿងទាំងអស់នោះ ដូច្នេះហើយទើបអ្នកគាំទ្រមិនសូវឃើញបានឃើញរូបភាពទាំងនោះ ម្យ៉ាងវិញទៀតមួយរយៈពេលចុងក្រោយនេះ នៅ សូនីតា មមាញឹកខ្លាំងក្នុងការបំពេញការងារជួយសង្គម ពីព្រោះបច្ចុប្បន្ននេះនាងគឺជាអនុប្រធាននៅក្នុងសមាគមសិល្បករខ្មែរ ។ ដោយឡែកគ្រាន់តែចប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ខ្មែរ ភ្លាម ស្រាប់តែ នៅ សូនីតា បង្ហើរអារម្មណ៍ពិតបែបនេះចំពោះគ្រួសាររបស់ខ្លួន ។ 

នៅ សូនីតា បានរៀបរាប់ថា « ភាពតស៊ូ អត់ធ្មត់ ជំនះគ្រប់រឿងចំពោះមុខ តែងតែនិយាយក្នុងចិត្តថាមិនអីទេ គ្រប់រឿងរ៉ាវនិងប្រែមកជាធម្មតាវិញ ពេលនេះទើបដឹងថា ការជួបជុំគ្រួសារពិតជាមានសារៈសំខាន់ណាស់ ព្រោះម្នាក់ៗរវល់ស្ទើរតែដកឃ្លាមិនរួចឡើងមិត្តភក្តិលួចអន់ចិត្ត ទាំងពីរនាក់ប្រឹងដើម្បីអាច្រមក់តូចនោះ អរគុណ Daddy ដេលទុកចិត្តមកលើខ្ញុំ ថាអូនអាចធ្វើបាន Finally I got it  » ។ 

កន្លងមក នៅ សូនីតា ក៏ធ្លាប់មានបញ្ហាខ្លះៗជាមួយស្វាមីរបស់ខ្លួនផងដែរ ប៉ុន្តែនាងមិនដែលធ្លាប់បង្ហាញពីរឿងនេះឱ្យមហាជនបានដឹងលឺឡើយ នាងព្យាយាមថែរក្សាគ្រួសារនេះរហូតមកដល់សព្វថ្ងៃនេះ ។ 

ក្រៅពីបំពេញការងារនៅក្នុងសមាគមសិល្បករខ្មែរ នៅ សូនីតា​ ក៏សម្រេចចិត្តត្រឡប់មកកាន់វិស័យសម្តែងជាថ្មីម្តងទៀត ដោយបានថតរឿងមួយចំនួន ថ្មីៗនេះនាងក៏ត្រៀមនឹងថតរឿងថ្មីជាបន្តទៀតផងដែរ បន្ទាប់ពីទទួលបាន​ការអនុញាតិពីស្វាមីរបស់ខ្លួន ពីព្រោះអាជីពសម្តែងគឺជាអាជីពមួយដែលនាងស្រឡាញ់ខ្លាំង និងបានធ្វើឱ្យនាងល្បីល្បាញនិងមានឈ្មោះមកដល់សព្វថ្ងៃនេះ ។ 

ថ្វីដ្បិតតែមមាញឹកការងារនៅខាងក្រៅក៏ពិតមែនតែ នៅ សូនីតា បានបំពេញតួនាទីយ៉ាងល្អក្នុងនាមជាម្តាយ និងជាភរិយា ដោយនាងបាននិយាយថា គ្រួសារពិតជាសំខាន់ នាងធ្វើគ្រប់បែបយ៉ាងដើម្បីគ្រួសារមានសុភមង្គល ៕