មកទល់ពេលនេះហើយអ្នកនាង រឹម លក្ម្សី ភរិយាតារាចម្រៀងរ៉េប ជា សុជាតិ នៅតែទទួលរងនូវការរិះគន់ និងសើចចំអកពីជនមួយចំនួន មិនចេះចប់ រហូតធ្វើឱ្យនាងចេញមុខរៀបរាប់ទាំងអួលដើមក ស្តាប់ហើយពិតជាគួរឱ្យអាណិតណាស់ ។

ដូចមហាជនបានដឹងស្រាប់ហើយថាចាប់តាំងពីអ្នកនាង រឹម លក្ម្សី ដែលជាភរិយាលោក ជា សុជាតិ សម្រាលកូនមក នាងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីជនមួយចំនួនថា នាងមានសម្រស់មិនស្រស់ស្អាត ។ ក្នុងអំឡុងធ្វើឱ្យនាងមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែក្រោយពីទទួលបានកម្លាំងចិត្តពីស្វាមី និងមិត្តភក្តិជុំវិញខ្លួនបានធ្វើឱ្យនាងបំភ្លេចរឿងនោះចោលទាំងស្រុង ។
ដោយឡែកថ្មីៗនេះស្រាប់តែមានជនមួយចំនួនបន្តរិះគន់និងសើចចំអកជីវិតគ្រួសារអ្នកនាង រឹម លក្ម្សី ជាបន្តទៀត រហូតធ្វើឱ្យនាងទ្រាំលែងបាន និងបង្ហោះសារយ៉ាងចាក់ដោត ។ តាមរយៈសារនោះអ្នកនាង រឹម លក្ម្សី បានរៀបរាប់ថា « ពួកយើងបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន ដែលអ្នកផ្សេងមិនដែលដឹង ។ យើងត្រូវបានវាយតម្លៃហើយក៏ត្រូវបានសើចចំអក ប៉ុន្តែទោះជាមានរឿងអ្វីក៏ដោយ យើងនៅតែកាន់ដៃ ស៊ូជាមួយគ្នា ។ រូបថតនេះមិនមែនត្រឹមតែជាស្នាមញញឹមធម្មតាទេ តែវាជាភស្តុតាងបញ្ជាក់ពីសេចក្តីស្រឡាញ់និងការតស៊ូយើងក្នុងការថែរក្សាគ្នា ។ មិនថាមានរឿងអ្វីកើតឡើងលើយើងក៏ដោយ យើងនៅតែជ្រើសរើសគ្នាជារៀងរហូត ។ នេះគឺជាក្តីស្រឡាញ់ សុភមង្គល ជាកន្លែងសុវត្ថិភាព និងអ្វីគ្រប់យ៉ាងរបស់ខ្ញុំ » ។
ចាប់តាំងពីមានរឿងរ៉ាវខាងលើមក លោក ជា សុជាតិ ដែលជាស្វាមី បានបង្ហាញនូវការស្រឡាញ់លើភរិយារបស់ខ្លួនខ្លាំងឡើង មិនថាពេលលោកទៅធ្វើការ ទៅច្រៀងតាមខេត្តក្រុងនានា លោកតែងតែបណ្តើរភរិយា និងកូនតូចរបស់ខ្លួនទៅជាមួយមិនដែលខាន ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញថា លោកពិតជាស្រឡាញ់គ្រួសារតូចនេះខ្លាំងណាស់ ៕


