រវល់ក្នុងការកើបលុយដុំជាមួយមុខជំនួញជាច្រើន តារាចម្រៀង សួស វីសា លែងនឹកនាអាជីពចាស់ទៀតហើយ បើទោះបីជាមានអ្នកគាំទ្រជាច្រើនចង់ស្តាប់សម្លេងនាងជាថ្មីម្តងទៀត ក៏នៅពុំទាន់ឃើញនាងឡើងឆាកកាន់ក្បាលមេក្រូ និងចេញបទចម្រៀងថ្មីដែរ រហូតធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថា សួស វីសា បោះបង់អាជីពនេះចោលទាំងស្រុង ។

ច្រើនឆ្នាំមកហើយដែលតារាចម្រៀង សួស វីសា បានផ្អាកពីអាជីពចម្រៀង ដោយងាកទៅពង្រឹងការងាររកស៊ីជំនួសវិញ យូរៗម្តងនាងបានផលិតបទចម្រៀងផ្ទាល់ខ្លួន និងបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនដែលទទួលបានការគាំទ្រច្រើនពីមហាជន ។ សួស វីសា ថែមទាំងធ្លាប់និយាយថា ទោះបីជានាងមិនមានផលិតកម្មជ្រកកោណដូចមុន តែនាងក៏អាចចេញបទចម្រៀងដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ ពីព្រោះនាងនៅតែស្រឡាញ់អាជីពចម្រៀង ដែលបានធ្វើឱ្យនាងល្បីឈ្មោះដូចសព្វថ្ងៃនេះ ។
មកទលពេលនេះតារាចម្រៀង សួស វីសា សម្រាលកូនទី២បានជាង៦ខែហើយ នាងកាន់តែផ្តាច់ខ្លួនឆ្ងាយពីអាជីពចម្រៀង ដោយងាកមកបើកអាជីវកម្មធំៗជាច្រើនជាមួយស្វាមី និងដៃគូនៅក្រៅប្រទេស ។ សួស វីសា បានប្រាប់ថា នាងបានបោះទុនប្រាក់ខ្ទង់សែនដុល្លារក្នុងការរកស៊ីនេះ ដោយរំពឹងថា អាជីវកម្មនឹងរីកចម្រើន ។
ទន្ទឹមនិងការបើកដំណើរការអាជីវកម្មជាច្រើន សួស វីសា ក៏មិនខ្វល់ពីអាជីពចម្រៀងដូចកាលពីមុនទៀតដែរ ទោះបីជាមានគេអញ្ជើញនាងឡើងឆាកតន្រ្តី ក៏នាងមិនចាប់អារម្មណ៍ ហាក់បីដូចជាចង់បោះបង់អាជីពនេះចោលទាំងស្រុង ។ ទោះជាយ៉ាងនេះក្តី សួស វីសា បានបញ្ជាក់ប្រាប់ថា អាជីពចម្រៀងនាងនៅតែស្រឡាញ់ ហើយក៏មិនបោះបង់ចោលដែរ គ្រាន់តែមួយរយៈពេលចុងក្រោយនេះ រវល់ការងាររកស៊ីផង រវល់និងការមើលថែកូនៗផង ទើបមិនមានពេលវេលាគ្រប់គ្រាន់ទទួលការងារចម្រៀង បើមានឱកាសនាងនៅតែឡើងឆាកច្រៀង ណាមួយរូបរាងរបស់នាងពេលនេះមិនទាន់ស្រកគីឡូមកនៅដូចដើម ទើបមិនចង់ទទួលការងារឡើងឆាក ៕




