សម្តែងនៅ អាមេរិក ច្រើនលើកហើយ រតនៈ វិសិដ្ឋ ទើបមានឱកាសបានជួបនិងសម្តែងជាមួយអ្នកស្រី អម្ពរ ទេវី ដែលជា Idol លើកដំបូង !

ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។

លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។  

លោក រតនៈ វិសិដ្ឋ បានឱ្យដឹងផងដែរថា អ្នកស្រី អម្ពរ ទេវី គឺជាតារាសម្តែងនៅក្នុងដួងចិត្តរបស់លោក កន្លងមកលោកធ្លាប់មានក្តីស្រមៃថា ថ្ងៃណាមួយលោកនឹងបានជួបជាមួយអ្នកស្រី អម្ពរ ទេវី ថែមទាំងបានសម្តែងនិងច្រៀងរួមគ្នាផងដែរ ។ ពេលនេះក្តីប្រាថ្នាលោកបានក្លាយជាការពិតហើយ ។  

គួររំលឹកផងដែរថា តារាសម្តែង រតនៈ វិសិដ្ឋ ត្រូវបានចាត់ទុកថាជាតារាសម្តែងនិងច្រៀងមួយរូបដែលនៅមានយីអ៊ុនខ្ពស់នៅក្នុងវិស័យសិល្បៈ លោកនៅអាចរកប្រាក់ចំណូលបានច្រើនពីវិស័យនេះ បើទោះបីជាមិត្តរួមជំនាន់ខ្លះ បានបាត់មុខ និងខ្លះទៀតគ្មានអ្នកហៅថត ។ ក្រៅពីសម្តែងលោក រតនៈ វិសិដ្ឋ តែងតែត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសអញ្ជើញចេញទៅសម្តែងជារៀងរាល់ឆ្នាំដូចជាប្រទេស អូស្រ្តាលី កាណាដា បារាំង និងអាមេរិក ជាដើម ។ សម្រាប់ទឹកដី អាមេរិក គឺលោកចេញទៅសម្តែងញឹកញាប់បំផុត ដោយសារនៅទីនោះមានអ្នកស្រឡាញ់និងចូលចិត្តស្តាប់សម្លេងរបស់លោកច្រើន ដូច្នេះហើយទើបលោកមានឱកាសបានចេញទៅកើបលុយនៅទីនោះញឹកញាប់បំផុត ៕